(ភ្នំពេញ)៖ ក្រុមបងធំ និងបងតូចចំនួន៣ ក្រុមមានគ្នាជិត១០នាក់ ខ្លះមានដែកសោ ខ្លះមានដំបង បានជិះម៉ូតូដេញវាយ កាប់ចាក់គ្នាដូច រឿងចិនហុងកុង បណ្តាលឲ្យផ្អើលអស់អ្នកភូមិ អ្នកស្រុក ប៉ុន្តែលទ្ធផលចុងក្រោយ ខ្លះរងរបួសដេកពេទ្យ ខ្លះត្រូវនគរបាលបានឃាត់ខ្លួន និងខ្លះទៀតរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍វាយកាប់ចាក់គ្នា យ៉ាងអនាធិបតេយ្យខាងលើនេះ បានកើតឡើងនៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះថា នៅមុនកើតហេតុ ក្រុមបងធំ បងតូចទាំងនេះ ផ្តើមចេញពីការជិះម៉ូតូធ្វើដំណើរ តាមបណ្តោយផ្លូវបេតុងព្រៃទា ស្របទិសគ្នា ដោយម្ខាងមានគ្នា៣នាក់ ម្ខាង២នាក់ និងម្ខាងទៀតមានតែម្នាក់ រួចក៏បានទាក់ពាក្យសំដីគ្នា ក្នុងពេលធ្វើដំណើរ រហូតឈានដល់ធាក់ម៉ូតូគ្នាផ្តួល និងដេញតាមវាយកាប់ចាក់គ្នា ដោយខ្លះមានដំបងដែក ខ្លះដែកសោ ចាប់ផ្តើមប្រយុទ្ធគ្នាតែម្តង ពេញលើដងផ្លូវ យ៉ាងអនាធិបតេយ្យមួយប្រាវរហូតរបួសរៀងៗខ្លួន ផ្អើលអស់ភូមិមានការភ័យខ្លាច។ ភ្លាមៗនោះ កម្លាំងនគរបាលបានចុះទៅអន្តរាគមន៍ បំបែកក្រុមបងធំទាំងនោះ និងឃាត់ខ្លួនផងដែរ ចំណែកបានរងរបួសដេកពេទ្យចំនួន២នាក់ និងខ្លះទៀតរត់គេចខ្លួនបាត់តែម្តង ព្រមទាំងដកហូតបានដែកឆាប១ដើម និងដែកសោមួយចំនួន។

មន្ត្រីនគរបាលមូលដ្ឋាន បញ្ជាក់បន្ថែមថា ក្រុមក្មេងទំនើងទាំងនេះមាន៣ក្រុមរួមមាន៖ ភាគីទី១មានគ្នា៣នាក់ ឈ្មោះ សែម ជីវ៉ា អាយុ១៩ឆ្នាំ ស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅ៣ (របួសធ្ងន់ យកទៅពេទ្យ) និង២នាក់ទៀតរបួសស្រាល គេចខ្លួន (ជិះម៉ូតូស្កូបពីមួយគ្រឿងមានគ្នាបីនាក់)។

ភាគីទី២មានម្នាក់ឯងឈ្មោះ ក ប៉ារីស ហៅ ដា ស្រស់ អាយុ២២ឆ្នាំ មុខរបរកម្មករស្នាក់នៅភូមិព្រៃទា២ សង្កាត់ចោមចៅ៣ មានស្រុកកំណើត ភូមិបឹងល្វា ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ រងរបួសធ្ងន់ (ជិះម៉ូតូ MSX ពណ៌ខ្មៅ លាយក្រហមស្លាកលេខភ្នំពេញ 1GO-8712)។

ភាគីទី៣មានគ្នា២នាក់ឈ្មោះ រិទ្ធ តារ៉ាវុទ្ធី អាយុ៣៣ឆ្នាំ មុខរបរលក់ដូរស្នាក់នៅ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ រងរបួសបែកក្បាល។ អ្នករួមដំណើឈ្មោះ វ៉ន អាយុប្រហែល
២៩ឆ្នាំ របួសស្រាលកគេចខ្លួន (ជិះម៉ូតូ FZ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1CX-2160)។

ក្រោយកើតហេតុ នគរបាលជំនាញនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានសួរនាំ និងចាត់ការតាមនីតិវិធី៕