(សៀមរាប)៖ លោក Kazuyuki Nakane អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានថ្លែងបង្ហាញការរីករាយយ៉ាងខ្លាំងចំពោះវត្តមានការិយាល័យកុងស៊ុលជប៉ុនប្រចាំនៅក្នុងខេត្តសៀមរាប។ លោក Kazuyuki Nakane ចាត់ទុកវត្តមានការិយាល័យជាការបើកទំព័រសករាជថ្មីមួយទៀត នៃទំនាក់ដ៏ស៊ីជម្រៅរវាងកម្ពុជា-ជប៉ុន នាពេលបច្ចុប្បន្ន។
លោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានថ្លែងគូសបញ្ជាក់ដូច្នេះក្នុងពេលអញ្ជើញកាត់ខ្សែបូដំណើរការការិយាល័យកុងស៊ុលជប៉ុននៅក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ។
លោក Kazuyuki Nakane បានថ្លែងថា ប្រទេសជប៉ុន និងកម្ពុជា មានប្រវត្តិសាស្រ្តនៃការផ្លាស់ប្តូរទំនាក់ទំនងរយៈពេលជាង ៤០០ឆ្នាំមកហើយ។ ទំនាក់ទំនងកាន់តែមានភាពជិតស្និទ្ធថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយមានសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ដូចជាការកសាងឡើងនៃស្ពានត្សឺបាសា (ស្ពានអ្នកលឿង) និងផ្សារទំនើប AEON ដែលជាគំរូដ៏ល្អនៃទំនាក់ទំនងប្រទេសទាំងពីរ។
«ការបើកការិយាល័យកុងស៊ុលជប៉ុននៅសៀមរាបនៅថ្ងៃនេះ គឺជាការបើកទំព័រសករាជថ្មីមួយ នៃទំនាក់ទំនងប្រទេសយើងដែលកំពុងស៊ីជម្រៅ។ ការិយាល័យនេះ នឹងដើរតួជាមុខមាត់រាជរដ្ឋាភិបាលជប៉ុន ហើយព្យាយាមផ្តល់សេវាកុងស៊ុលយ៉ាងល្អ ក៏ដូចជាជំរុញការផ្លាស់ប្តូររវាងប្រទេសយើងឲ្យទៅមុខ»។ លោក Kazuyuki Nakane បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ។
លោកអនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងផងដែរថា ការិយាល័យកុងស៊ុលជប៉ុននៅក្នុងខេត្តសៀមរាបទឹកដីទេសចរណ៍វប្បធម៌ និងប្រាង្គប្រាសាទដ៏ល្បាញល្បីនេះ នឹងប្រឹងប្រែងក្នុងការផ្តល់សេវានានា ក៏ដូចជាជួយជំរុញការផ្លាស់ប្តូរទំនាក់ទំនងកម្ពុជា-ជប៉ុន។ លោកអនុរដ្ឋមន្ត្រីសង្ឃឹមថា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា នឹងចូលរួមគាំទ្រវត្តមានការិយាល័យកុងស៊ុលរបស់ខ្លួននៅក្នុងប្រទេសជប៉ុនផងដែរ។
សូមបញ្ជាក់ថា ការបើកការិយាល័យកុងស៊ុលជប៉ុន បានធ្វើឡើងចំពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួប៦៥ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។ ការិយាល័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ផ្តល់សេវាដល់ប្រជាពលរដ្ឋជប៉ុនទាំងអ្នកទេសចរ និងអ្នករកស៊ីនៅក្នុងខេត្តសៀមរាប ដែលកំពុងមានចំនួនកើនឡើងកាន់តែច្រើននាពេលបច្ចុប្បន្ន។
វត្តមានការិយាល័យកុងស៊ុលរបស់ជប៉ុន នៅក្នុងខេត្តសៀមរាប ក៏បានឆ្លុះបង្ហាញឲ្យឃើញពីការពង្រីកនូវទំនាក់ទំនងកាន់តែខ្លាំងក្លាថែមទៀតរបស់រាជរដ្ឋាភិបាលជប៉ុន ជាមួយរាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ន ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕