(ស្វាយរៀង)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារចុះជួយ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ បាននាំយកឯកសណ្ឋានប្រជាការពារ ជាអំណោយរបស់នាយឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធានក្រុមការងារចុះជួយស្រុកស្វាយជ្រុំ ទៅចែកជូនបងប្អូនប្រជាការពារចំនួន១៥០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពោធិ៍រាជ។

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំពោធិ៍រាជ បានឲ្យដឹងថា គោលបំណងរបស់ពួកគាត់ ដែលស្ម័គ្រចិត្តចូលធ្វើជាប្រជាការពារភូមិនេះ គឺដោយសារពួកគាត់ចង់បានសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ នៅក្នុងភូមិឃុំ ជូនដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ជាមួយសមត្ថកិច្ច។

លោក មាស ប៊ុនឡី ប្រធានក្រុមការងារចុះជួយឃុំពោធិ៍រាជ បានថ្លែងថា ដោយអនុវត្តន៍តាមផែនការណែនាំស្តីពីការចាត់តាំងអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព និងសេចក្តីណែនាំស្តីពី ការចាត់តាំងចលនាការពារសន្តិសុខ មាតុភូមិ របស់ក្រសួងមហាផ្ទៃ រដ្ឋបាលឃុំដែលជាក្បាលម៉ាស៊ីន គណៈបញ្ជាការឯកភាពឃុំ មានប៉ុស្តិ៍រដ្ឋបាលជាសេនាធិការ ព្រមទាំងមានការយកចិត្តទុកដាក់ របស់ក្រុមប្រឹក្សាភូមិ ឃុំ គួបផ្សំស្មារតី និងឆន្ទៈភ្ញាក់រលឹកចូលរួមរបស់ប្រជាពលរដ្ឋ យើងបានរៀបចំចងក្រងបានក្រុមប្រជាការពារ នៅគ្រប់ភូមិទូទាំងឃុំ ប្រជាការពារបានចំនួន១០០នាក់ ទាំងពីរឃុំ គឺឃុំពោធិ៍រាជ និងឃុំធ្លក ស្រុកស្វាយជ្រុំ។

លោកបានបន្ថែមទៀតថា ដោយមានកិច្ចសហប្រតិបត្តិការល្អ របស់កងកម្លាំងប្រដាប់អាវុធទាំង៣ និងកម្លាំងឈរជើងក្នុងភូមិសាស្ត្រ ជាមួយកម្លាំងប្រជាការពារ ធ្វើឲ្យមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមការដឹកនាំរបស់គណៈបញ្ជារការឯកភាពរដ្ឋបាលឃុំ បានចូលរួមយ៉ាងសកម្មគាំទ្ររាជរដ្ឋាភិបាល តាមរយៈការអនុវត្តន៍គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ដោយមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងធ្វើឲ្យភាពក្រីក្រក្នុងមូលដ្ឋាន បានថយចុះមួយកម្រិតផងដែរ។

លោក មាស ប៊ុនឡី បានបញ្ជាក់ថា សន្តិភាពនេះរកបានមកដោយលំបាកក្រោមការតស៊ូប្តូផ្តាច់យកជីវិត ទៅប្តូរយកសន្តិភាពពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកប្រទេសដ៏ឈ្លៀសវៃ បានប្រែក្លាយប្រទេសជាតិ តាំងបាតដៃទទេរនាំមកការរីកចម្រើន លើគ្រប់វិស័យទាំងនៅកំរិតជាតិ និងលើឆាកអន្តរជាតិ។

លោក មាស ប៊ុនឡី ប្រាប់សមាជិកបក្ស និងប្រជាការពារភូមិថា គ្មានគណបក្សសង្គ្រោះជាតិទៀតទេ ហើយក៏គ្មានចលនាសង្គ្រោះស្អីទៀតដែរ នៅភូមិឃុំយើងដែរ បើមានត្រូវមានវិធានការទៅតាមច្បាប់ ត្រូវមានជំនឿជឿជាក់ការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជានកម្ពុជា។ សូមបញ្ជាក់ផងដែរ ក្នុងពិធីនេះក៏មានសំលៀកបំពាក់កីឡា ចែកដល់យុវជនសមាជិកបក្សផងដែរ៕