(ភ្នំពេញ)៖ ក្រុមចោរលួចរថយន្តរបស់ប្រជាពលរដ្ឋ នៅខណ្ឌដង្កោ នៅពេលនេះត្រូវបានកម្លាំងនគរបាលតាមចាប់បានចំនួន៣នាក់ ព្រមទាំងដកហូតរថយន្តពីរគ្រឿង និងម៉ូតូចំនួន២គ្រឿង ព្រមទាំងវត្ថុតាងមួយចំនួនផ្សេងទៀត។

អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះថា ហេតុការណ៍លួចរថយន្តនេះ បានកើតឡើងនៅវេលាម៉ោង១រំលងអាធ្រាត្រា ចូលថ្ងៃទី២៧ ខែមករា ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ ដោយលួចរថយន្តម៉ាក Camery បាឡែន ដែលកម្មសិទ្ធិរបស់លោក ឆែម សុនី អាយុ៣៣ឆ្នាំ។

បើតាមលោកអធិការ ក្រោយមានករណីនេះភ្លាម កម្លាំងនគរបាលរបស់លោក បានសហការជាមួយជនរងគ្រោះ ធ្វើការស្រាវជ្រាវ ដោយឆែកតាមប្រព័ន្ធ GPS រហូតតាមចាប់ជនសង្ស័យចំនួន៣នាក់ តែម្តង ដោយតាមទាន់នៅហាងម៉ាស្សាយីហោ ម្លិះ រហូតតាមយកបក្ខពួកបន្តទៀត។

ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១ឈ្មោះ ធី សំណាង ហៅសី អាយុ២០ឆ្នាំ, ទី២ ឈ្មោះ អ៊ុច ផន ហៅសាន់ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះសំណាក់សួគ៌លាភ ខណ្ឌមានជ័យ និងទី៣ ឈ្មោះ ស៊ឹម សុភា ហៅផាន់ អាយុ២៣ឆ្នាំ។

បើតាមសមត្ថកិច្ចវត្ថុតាងដែលត្រូវដកហូតរួមមាន៖ ម៉ូតូម៉ាកស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ1E-7118 ចំនួន១គ្រឿង, ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GQ-0502 ចំនួន១គ្រឿង, រថយន្តម៉ាក TOYOTA SOLUNA ពណ៌ទឹកសមុទ្រពាក់ស្លាកលេខ ភ្នំពេញ 2AG-6901ចំនួន១គ្រឿង និងរថយន្តរបស់ជនរងគ្រោះមួយគ្រឿងផងដែរ ព្រមទាំងស្លាកលេខរថយន្តចំនួន២គូ (មានលេខកំពង់ឆ្នាំង 2A-0162 ចំនួន១គូ និងស្លាកលេខភ្នំពេញ 2I-4618 ចំនួន១គូ ) ដែកជ្រុងចុងសំប៉ែត្រស្រួចចំនួន៣សោ, ខ្សៀផ្សារភ្ជាប់ដងកញ្ចក់ម៉ូតូចំនួន១ សោ លេខ៨ចំនួន២។

ក្រោយពីធ្វើការសាកសួររួច ក្រុមជនសង្ស័យខាងលើបាន ឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេពិតជាបានជិះម៉ូតូ ឌុបគ្នាក្នុងគោលបំណង ធ្វើសកម្មភាពលួចកាច់សោម៉ូតូ និងលួចរថយន្ត របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រាកដមែន ហើយនឹងត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ នៅថ្ងៃស្អែក៕

ជនរងគ្រោះ