Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីយោធា និងជាអ្នកយកព័ត៌មានម្នាក់ ដឹកជញ្ជូនឈើគ្រញូងនាំទៅវៀតណាម ត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបបាន នៅស្រុកមេមត់

28-01-2018 15:20

(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលរបស់លោកទាំងថ្នាក់ស្នងការដ្ឋាន និងនគរបាលស្រុកមេមត់ បានបង្ក្រាបការដឹកជញ្ជូនឈើគ្រញូងមួយគ្រឿង ខណៈកំពុងធ្វើដំណើរយកទៅលក់នៅវៀតណាម តាមច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំ។

បើតាមលោកស្នងការ ជនសង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើខាងលើនេះ ជាមន្រ្តីយោធា និងជាអ្នកយកព័ត៌មាន ដោយមានឈ្មោះ២ផ្សេងគ្នា ពោលនៅខាងយោធាមានឈ្មោះ ហាក់ ប៉ូលីស ពាក់ស័ក្តិ២ និងខាងវិស័យព័ត៌មានវិញមានឈ្មោះ សួស ណៃ អ្នកយកព័ត៌មានឲ្យកាសែត «សេរីភាពខ្មែរ»។

ក្រោយការសួរនាំជនសង្ស័យបានសារភាព ប្រាប់សមត្ថកិច្ចថា កន្លងទៅរូបគេបានដឹកជញ្ជូនឈើគ្រញូង ចេញពីខេត្តព្រះវិហារ នាំទៅវៀតណាមតាមច្រកក្នុងខេត្តតាកែវ និងខេត្តកំពត ជាច្រើនលើក តែនៅពេលនេះ ចង់សាកនាំចេញតាមខេត្តត្បូងឃ្មុំតែម្តង ប៉ុន្តែក៏ត្រូវបានកម្លាំងនគរបាលបង្ក្រាបបានតែម្តង។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់បន្ថែមថា សម្រាប់ប្រតិបត្តិការខាងលើនេះ កម្លាំងរបស់លោកបានដកហូតរថយន្តម៉ាក Camry បាឡែនមួយគ្រឿង ជាមួយឈើគ្រញូងពេញម៉ាគូទរថយន្ត។

សម្រាប់ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តែសម្រាប់វត្ថុតាងត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើចាត់ការតាមនីតិវិធី។ នេះជាការបន្ថែមពីលោកស្នងការ៕