(ភ្នំពេញ)៖ កម្មវិធី «មែកសឺដេស និងកំណប់អាថ៌កំបាំង» នៅថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០១៨ស្អែកនេះ នឹងចាប់ផ្តើមចេញដំណើរទៅគាស់កកាយរកកំណប់ទេសចរណ៍ និងផលិតផលនានានៅលើទឹកដីនៃខេត្តកំពង់ស្ពឺ ជាពិសេសនៅលើភ្នំឱរ៉ាល់ ដែលជាភ្នំខ្ពស់ជាងគេរបស់កម្ពុជា។
លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនស្ដារអូតូខេមបូឌា ដែលជាក្រុមហ៊ុនលក់រថយន្តដ៏ល្បីលើពិភពលោក Mercedes-Benz បានបញ្ជាក់ថា បេសកកម្មពិសេសលើកទី២នេះ ក្រុមការងារនឹងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ ដោយក្នុងនោះក្រុមបេសកកម្មនឹងទៅទស្សនា និងផ្សព្វផ្សាយពីផលិតផលត្នោត (ផលិតផលអត្តសញ្ញាណខេត្តកំពង់ស្ពឺ) ដែលមាននៅក្នុងសិប្បកម្មស្ករត្នោត។ ជាពិសេសក្រុមបេសកកម្មនឹងឡើងលើភ្នំឱរ៉ាល់ ជាភ្នំខ្ពស់ជាងគេនៅកម្ពុជា មានកម្ពស់ដល់ទៅ ១,៨១៣ម៉ែត្រ កប់ពពកទល់មេឃ។
សូមបញ្ជាក់ថា ក្រុមហ៊ុនស្ដារអូតូខេមបូឌា អង្គភាពព័ត៌មាន Fresh News និងអង្គភាពសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com បានចាប់ដៃគ្នាបង្កើតកម្មវិធីមួយឈ្មោះថា «មែកសឺដេស (Mercedes-Benz) និងកំណប់អាថ៌កំបាំង» ដើម្បីរួមចំណែកផ្សព្វផ្សាយគោលដៅទេសចរណ៍ និងផលិតផលរបស់ខ្មែរនៅតាមបណ្តាខេត្តនានា។ តាមរយៈកម្មវិធីនេះ ក្រុមអ្នកព័ត៌មាននៃអង្គភាពព័ត៌មាន Fresh News និង «ថ្មីៗ» ដែលនាំដំណើរដោយរថយន្តដ៏ល្បាញល្បីរបស់អាល្លឺម៉ង់ «Mercedes-Benz» បានចុះទៅផ្តិតយករូបភាព និងយកព័ត៌មាននៅតំបន់ទេសចរណ៍ធម្មជាតិឆ្ងាយៗ និងដាច់ស្រយាល ដែលមិនសូវមានមនុស្សបានទៅដល់។
ក្នុងបេសកកម្មលើកទី១ ដែលចាប់ផ្តើមឡើងកាលពីខែសីហា ឆ្នាំ២០១៧ «មែកសឺដេស (Mercedes-Benz) និងកំណប់អាថ៌កំបាំង» បានធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍អូរសោម នៃស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើទោះបីផ្លូវធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍អូរសោមមានការលំបាកយ៉ាងណាក្តី តែ «មែកសឺដេស (Mercedes-Benz) និងកំណប់អាថ៌កំបាំង» បានពុះពារការលំបាករហូតទៅដល់គោលដៅដោយផ្តិតយកនូវទិដ្ឋភាព និងទេសភាពដ៏ស្រស់ស្អាតលើខ្នងភ្នំ ព្រមទាំងទឹកជ្រោះឆាយប្រុយ។ យើងក៏បានផ្សព្វផ្សាយនូវអត្តសញ្ញាណម្ហូបអាហារអត្តសញ្ញាណក្នុងខេត្តពោធិ៍សាត់ ដែលធ្វើពីដើមក្រវាញផងដែរ។
សម្រាប់បេសកកម្មលើកទី២លើទឹកដីនៃខេត្តកំពង់ស្ពឺ ជាពិសេសការឡើងទៅកាន់ភ្នំឱរ៉ាល់នេះ «មែកសឺដេស (Mercedes-Benz) និងកំណប់អាថ៌កំបាំង» ក៏នឹងផ្តិតយកនូវផ្ទាំងទស្សនីយភាពនៃសម្រស់ដងភ្នំ ព្រៃឈើដ៏ស្រស់ស្អាតមកចែកជូនប្រជាពលរដ្ឋខ្មែរបានទស្សនាផងដែរ។ ដើម្បីជ្រាបថា សោភណ្ឌ និងទេសភាពនលើភ្នំឱរ៉ាល់ស្រស់ស្អាតយ៉ាងណានោះ សូមរង់ចាំទស្សនានូវការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News និង «ថ្មីៗ» ដែលនឹងមានផ្សាយជូនជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៩ ខែមករា ស្អែកនេះតទៅ។
មុននឹងចេញដំណើរទៅស្វែងរកកំណប់ទេសចរណ៍នៅក្នុងខេត្តកំពង់ស្ពឺ និងលើភ្នំឱរ៉ាល់នៅថ្ងៃស្អែកនេះ ក្រុមការងារ «មែកសឺដេស (Mercedes-Benz) និងកំណប់អាថ៌កំបាំង» ក៏មានការជជែកពិភាក្សាបង្ហាញចំណាប់អារម្មណ៍ និងព័ត៌មានខ្លះៗជុំវិញដំណើរទៅកាន់ខេត្តកំពង់ស្ពឺ និងឡើងភ្នំឱរ៉ាល់នេះផងដែរ។
សូមទស្សនាវីដេអូនៃការជជែកលើគម្រោងទៅកាន់ខេត្តកំពង់ស្ពឺ និងឡើងភ្នំឱរ៉ាល់នៅខាងក្រោម៖