(ភ្នំពេញ)៖ ម្ចាស់ផ្ទះស្របច្បាប់មួយកន្លែង គឺលោកស្រី ទី សុខលាង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ សូមចេញលិខិតមួយច្បាប់បកស្រាយការពិតជូនសាធារណជន ជុំវិញការប្តឹងចោទប្រកាន់ពីសំណាក់លោកស្រី ហាំ លក្ខិណា។
ការបកស្រាយការពិតនេះ គឺបន្ទាប់ពីរដ្ឋបាលខណ្ឌដូនពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ចេញលិខិតមួយច្បាប់ជម្រាបជូនលោកស្រី ទី សុខលាង ជាម្ចាស់ផ្ទះលេខ២៦ ផ្លូវលេខ១៤៤ ក្រុម៤៨ ភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ មានកម្មវត្ថុឱ្យរុះរើសំណង់ដែលបានសាងសង់រំលោភលើច្រកសាធារណៈ ស្ថិតនៅក្រោយផ្ទះលេខ៣២ ចន្លោះក្បាលដីលេខ ១២,១៣និងលេខ១៤ ផ្លូវលេខ១៤៤ ក្រុម៤៨ ភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ដោយទុករយៈពេល០៧ថ្ងៃ ។
លោកស្រី ទី សុខលាង សូមបកស្រាយការពិតជូនសាធារណជនដែលមានខ្លឹមសារទាំងស្រុងថា៖
ទីតាំងដីទំនាស់ដែលជាចង្ក្រានបាយមានប្រក់ស៊ីប្រូ ស៊ីម៉ង់ចាស់ បច្ចុប្បន្នប្រក់ដំបូលដែក ដែលឈ្មោះ ហាំ លក្ខិណា ជាម្ចាស់ផ្ទះលេខ៣២ អះអាងថាជាច្រកផ្លូវចេញចូលប្រើប្រាស់ជាសម្បត្តិរួម រហូតអាជ្ញាធរមានការភ័ន្តច្រលំជឿតាមនោះ គឺជាផ្នែកមួយនៃផ្ទះលេខ៣០ ដែលពីមុនជាកម្មសិទ្ធិរបស់លោកឧកញ៉ា ជា សុផាន់ និង លោកជំទាវ សោម សុផល ហើយនាងខ្ញុំបានទិញបន្តកាលពីខែតុលា ឆ្នាំ២០១៥ ក្នុងតម្លៃ ៤៩០.០០០ ដុល្លារអាមេរិក មានការបញ្ជាក់ពីអាជ្ញាធរត្រឹមត្រូវតាមច្បាប់ ហើយពុំមានអ្នកតវ៉ាឡើយ ។
លោកស្រី ទី សុខលាង អះអាងថា ម្ចាស់ផ្ទះដើមលោកឧកញ៉ា ជា សុផាន់ និង លោកជំទាវ សោម សុផល បានចូលមករស់នៅនិងទិញផ្ទះលេខ៣០ ដែលជាប់ផ្ទះនាងខ្ញុំ តាំងពីឆ្នាំ១៩៨១ មកម៉្លេះ និង បានទិញផ្ទះជាន់លើជាបន្តបន្ទាប់ ព្រមទាំងបានគ្រប់គ្រងប្រើប្រាស់ និងកាន់កាប់ច្រកផ្លូវចេញចូលផ្ទះរបស់គាត់ផ្នែកខាងក្រោយ (បច្ចុប្បន្នឈ្មោះ ហាំ លក្ខិណា អះអាងថា ជាទីតាំងទំនាស់) តែម្នាក់ឯងជាកម្មសិទ្ធិផ្តាច់មុខ ហើយលោកឧកញ៉ា ជា សុផាន់ បានសាងសង់ចង្ក្រានបាយប្រក់ស៊ីប្រូស៊ីម៉ង់ រៀបឥដ្ឋ និង សង់បាស់សាំងទឹក ប្រើប្រាស់តែម្នាក់ឯងប៉ុណ្ណោះ ។
លុះដល់អំឡុងឆ្នាំ២០១៦ ដោយស្ថានភាពចំណាស់ នៃដំបូលស៊ីប្រូ ស៊ីម៉ង់ ដែលបានសាងសង់ឡើងនោះ បានប្រេះស្រាំ ធ្លាក់បាក់ជាបន្តបន្ទាប់ និង ដើម្បីការពារសុវត្ថិភាព នាងខ្ញុំជាម្ចាស់ផ្ទះបន្តពីឧកញ៉ានោះ បានប្តូរដំបូលដែកជំនួសវិញ។ ពេលនោះឈ្មោះ ហាំ លក្ខិណា បានឆ្លៀតឱកាសប្តឹងចោទថា នាងខ្ញុំបានសាងសង់រំលោភ យកផ្លូវសាធារណៈប្រើប្រាស់ជាទ្រព្យសម្បត្តិឯកជនទាំងបំពាន។
យោងតាមកំណត់ហេតុប្រជុំសម្របសម្រួលករណីទីតាំងដីទំនាស់នេះ ភាគី ហាំ លក្ខិណា អះអាងថា «បញ្ហាច្រកផ្លូវនេះខ្ញុំសំណូមពរចែកផ្លូវមួយចំហៀងម្នាក់»។ ចំណុចនេះត្រូវបានលោកស្រី ទី សុខលាង អះអាងថា ការប្តឹងរបស់ឈ្មោះ ហាំ លក្ខិណា គឺមិនមែនដើម្បីប្រយោជន៍រួមទេ គឺប្តឹងទាមទារចំណែកដីសាធារណៈធ្វើជារបស់ខ្លួនឯង។
លោកស្រី ទី សុខលាង បន្តថា កាលពីមុនផ្លូវនេះជាផ្លូវសាធារណៈរហូតដល់មាត់ទន្លេឯណោះ។ ប៉ុន្តែក្រោយមកសុរិយោដីបានចេញប័ណ្ណកម្មសិទ្ធិឱ្យទៅប្រជាពលរដ្ឋរស់នៅកាន់កាប់ជាក់ស្ដែង ជាច្រើនក្បាលដី។ ដូច្នេះលោកស្រីសំណូមពរ «យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី សូមឱ្យអាជ្ញាធរមានសមត្ថកិច្ចផ្តល់កម្មសិទ្ធិដីដល់ ប្រជាពលរដ្ឋដែលបានកាន់កាប់ជាក់ស្ដែង ដែលបានបំពេញលក្ខខណ្ឌតម្រូវផ្សេងៗនៃភោគៈស្របតាមច្បាប់ភូមិបាលផងដែរ»។
លោកស្រី បញ្ជាក់ចុងក្រោយថា ការប្តឹងនេះមិនមែនដើម្បីប្រយោជន៍រួមទេ គឺប្តឹងដើម្បីប្រយោជន៍បុគ្គល ព្រោះដើមបណ្ដឹងទាមទារសុំចែកចង្រ្កានបាយពាក់កណ្ដាលម្នាក់ ហើយក្នុងករណីដែលអាជ្ញាធរពិតចុះរុះរើសំណង់ដែលបានកាន់កាប់ និងអាស្រ័យផលរយៈពេល៣០ឆ្នាំ មកហើយនោះប្រជាពលរដ្ឋក្បែរខាង ជាពិសេសក្នុងតំបន់ផ្សារកណ្ដាលនេះ ក៏មានការព្រួយបារម្ភថា នឹងមានជនខិលខូច ឬជនឆ្លៀតឱកាសមួយចំនួន ធ្វើការប្ដឹងផ្ដល់ យើងខ្ញុំ ឬប្រជាពលរដ្ឋផ្សេងៗទៀត ឱ្យរុះរើផ្ទះ ឬសំណង់ ដែលបានកាន់កាប់ និងរស់នៅជាច្រើនឆ្នាំ ណាស់មកហើយ។ ប៉ុន្ដែពុំបានចុះបញ្ជីក្នុងប្លង់សុរិយោដី ដោយគ្រាន់តែមានលិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី ឬឯកសារផ្សេងៗទៀតដែលបញ្ជាក់អំពីការកាន់កាប់ដូចករណីរបស់លោកស្រី ទី សុកលាង ធ្វើជាគំរូ ឬជាយុទ្ធសាស្រ្ត នោះនាំឱ្យប៉ះពាល់ដល់សិទ្ធិរស់នៅ និងសិទ្ធិលំនៅដ្ឋាន ជាពិសេសនាំឲ្យមានភាពចលាចលក្នុងសង្គម និងការរស់នៅប្រកបដោយសុខដុមរម្យ របស់ប្រជាពលរដ្ឋជាមិនខាន និងបានសំណូមពរសុំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាពិនិត្យ និងពិចារណា ផ្ដល់ភាពយុត្តិធម៌ចំពោះខ្លួន ដែលជាជនរងគ្រោះដោយសារបណ្ដឹងបំពាននេះ។ សុំឱ្យសាលាខណ្ឌដូនពេញ និងអាជ្ញាធរពាក់ព័ន្ធផ្អាកការចុះរុះរើសំណង់នេះ រង់ចាំសេចក្ដីសម្រេចជាស្ថាពរពីអាជ្ញាធរ មានសមត្ថកិច្ច ឬតុលាការនិងសូមសាធារណៈជនមេត្តាពិនិត្យមើលរូបភាព និងស្ថានភាពជាក់ស្ដែង ថាតើនេះជាផ្លូវសាធារណៈ ឬយ៉ាងណា?។
ម្ចាស់ផ្ទះរូបនេះ មានចម្ងល់ថា កាលម្ចាស់ដើមនៅកាន់កាប់គ្រប់គ្រង ហេតុអ្វីដើមបណ្ដឹងពុំប្ដឹងតវ៉ា ហើយពេលលក់ឱ្យទៅលោកស្រី ទី សុកលាង ហេតុអ្វីក៏មិនប្ដឹង? ទាល់តែម្ចាស់ក្រោយកាន់កាប់បានមួយឆ្នាំ ទើបប្ដឹងតវ៉ាថាជាផ្លូវសាធារណៈ ក្នុងខណៈដែលចង្រ្កានបាយ (ដីទំនាស់) នេះ ពុំមានផ្លូវចេញចូលតាំងពីឆ្នាំ១៩៩០ មកម្ល៉េះ៕