(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងទទូចសុំប្រជាពលរដ្ឋខ្មែររួមគ្នាទប់ស្កាត់រាល់សកម្មភាពជ្រៀតជ្រែករបស់បរទេសលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលនឹងនាំឲ្យកម្ពុជាធ្លាក់ក្នុងអន្លងភ្លើងសង្គ្រាមជាថ្មី។
សំណើរបស់លោក ស៊ុន ចាន់ថុល បានធ្វើឡើងនៅថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ ក្នុងពេលជួបសំណេះសំណាលជាមួយលោកអាចារ្យ លោកអាចារ្យរង លោកយាយលោកតាគណៈកម្មការវត្ត និងសមាគមអាចារ្យប្រមាណ ៣៣៧នាក់។
ក្នុងជំនួបសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានរំឭកអំពីប្រវត្តិនៃការលូកដៃរបស់បរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយបានរុញច្រានកម្ពុជាឲ្យធ្លាក់ចូលក្នុងវិបត្តិសង្គ្រាមរាំរ៉ៃស្លាប់មនុស្សអស់រាប់លាននាក់។ លោកទេសរដ្ឋមន្ត្រី បានរំលឹកពីការរំលាយគណបក្សសង្គ្រោះជាតិ ហើយបានលើកឡើងថា ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិដែលអស់សិទ្ធិធ្វើនយោបាយ កំពុងនឹងធ្វើចលនានាំយកបរទេសមកបំផ្លាញសុខសន្តិភាពរបស់កម្ពុជាថែមទៀតផង។
«គណបក្សសង្គ្រោះជាតិកំពុងធ្វើសកម្មភាពកៀរគរបរទេសមកបំផ្លាញនូវសុខសន្តិភាពរបស់យើង ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានខិតខំរកមកបានដោយលំបាក។ យើងត្រូវរួមគ្នាការពារសន្តិភាពរបស់យើង មិនត្រូវឲ្យជនបរទេស និងក្រុមក្បត់ប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជាមកបំផ្លាញសន្តិភាពរបស់យើងនោះទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ុន ចាន់ថុល។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗសម្រេចបាននៅស្រុកកោះធំរួមមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន វត្តអារាម ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល មូលនិធិស្រ្តីឆ្លងទន្លេ និងគ្រួសារមរណៈភាព ការចែកលេខទូរស័ព្ទទាន់ហេតុការណ៍ជូនប្រជាពលរដ្ឋសម្រាប់ទំនាក់ទំនងនៅពេលពួកគាត់ជួបប្រទះការលំបាក គោលនយោបាយថែទាំមនុស្សចាស់នៅកម្ពុជា ការផ្តល់វគ្គបណ្តុះបណ្តាលភាសាអង់គ្លេសដោយឥតគិតថ្លៃជូនកូនចៅអ្នកស្រុកកោះធំ ដើម្បីងាយស្រួលរកការងារធ្វើ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើលោកតាលោកយាយដែលអញ្ជើញចូលរួមក្នុងកម្មវិធីនេះរួបរួមសាមគ្គីគ្នាកសាងវត្តអារាមឱ្យមានការរីកចម្រើន ជួយផ្សព្វផ្សាយបន្តនូវការពិតដល់ពុទ្ធបរិស័ទ អំពី សមិទ្ធផលសម្រេចបានក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីសារសំខាន់នៃការបោះឆ្នោតសាកលឆ្នាំ២០១៨នាពេលខាងមុខ និងបានស្នើឲ្យពលរដ្ឋស្រុកកោះធំ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស រួបរួមគ្នាជាធ្នុងមួយ ដើម្បីទប់ស្កាត់ការលូកដៃ ការបំបែកបំបាក់ ការបង្កសង្គ្រាមពីសំណាក់បរទេស ដែលនាំឲ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិជាថ្មី និងជួយណែនាំបន្តដល់បងប្អូនកូនក្មួយឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបង្ហាញបរទេសឃើញថា ខ្មែររួបរួមគ្នា មានសាមគ្គីភាពរឹងមាំ និងអាចកសាងអភិវឌ្ឍន៍ ប្រទេសឆ្ពោះទៅរកភាពរុងរឿងថែមមួយកម្រិតទៀត៕