(សៀមរាប)៖ នៅម៉ោងជាង ១១ព្រឹកថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ លោក Kazuyuki Nakane អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានកាត់ខ្សែរបូដាក់ឲ្យដំណើការជាផ្លូវការការិយាល័យកុងស៊ុលជប៉ុន នៅក្នុងខេត្តសៀមរាប ដែលជាខេត្តទេចរណ៍ដ៏មានសក្តានុពលនៃកម្ពុជារួចរាល់ហើយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលជប៉ុន បានសម្រេចបង្កើតការិយាល័យកុងស៊ុលនៅក្នុងខេត្តសៀមរាប ដើម្បីអបអរសាទរខួប៦៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋជប៉ុន ដែលមកលេងកម្សាន្ត និងរកស៊ីនៅក្នុងខេត្តសៀមរាប។
នៅឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនជាង ២០ម៉ឺននាក់ គឺកើនឡើង ៦.២% បើធៀបឆ្នាំ២០១៦។ ដោយឡែកខេត្តសៀមរាបវិញ ទទួលបានជាង ១២ម៉ឺននាក់។
នៅក្នុងពិធីកាត់ខ្សែបូព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ខេត្តសៀមរាប, លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានិងវត្តមានរបស់មន្ត្រី អាជ្ញាធរ ដៃគូរពាក់ព័ន្ធ រួមនិងប្រតិភូអមដំណើរមួយចំនួនទៀត៕