(រតនគិរី)៖ នៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ រថយន្តធំមួយគ្រឿង បានបើកទាក់ខ្សែបណ្តាញអគ្គិសនីតង់ស្យុងទាប បណ្តាលឲ្យបាក់បង្គោលភ្លើង និងដាច់ចរន្តអគ្គិសនីផងដែរ នៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
យោងតាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងផ្លាស់ប្តូរបង្គោលភ្លើងថ្មី និងរៀបចំប្រព័ន្ធខ្សែបណ្តាញចម្លងចរន្តអគ្គិសនីឡើងវិញ ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋ។ បើតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា ចរន្តអគ្គិសនីត្រូវបានតភ្ជាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញហើយនៅម៉ោង ១២៖៣០នាទីរសៀលថ្ងៃដដែលនេះ។
អគ្គិសនីកម្ពុជា បានសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនី ដែលបង្កឡើងដោយរថយន្តបើកបរទាក់ខ្សែដោយខ្វះការប្រុងប្រយ័ត្ននេះផងដែរ៕