(ព្រះវិហារ)៖ មន្ត្រីរជំនាញផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្តនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានចុះធ្វើកិច្ចសន្យាជាមួយតំណាងក្រុមហ៊ុនដួងស្រួចគ្រុប ឲ្យអនុវត្តលិខិតណែនាំរបស់ក្រសួងកសិកម្ម ដើម្បីបញ្ឈប់ទាំងស្រុងសកម្មភាពប្រមូលផលអនុផលព្រៃឈើក្នុងដីសម្បទានសង្គមកិច្ច ក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកពឹង ទ្រីដា ប្រធានមន្ទីិរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានFresh Newsឲ្យដឹងនៅព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ២០១៨នេះថា ដោយអនុវត្តតាមការណែនាំរបស់លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងយោងតាមលិខិតរបស់ក្រសួងកសិកម្ម ចុះហត្ថលេខាដោយលោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លេខ២៩៤កសកចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្តីពីការបញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុនដួងស្រួច គ្រុបដែលកំពុងប្រមូលផលអនុផលព្រៃឈើក្នុងសម្បទានដីសង្គមកិច្ច ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ក្រុមការងារជំនាញនៃមន្ទីរកសិកម្មខេត្តព្រះវិហារ នៅថ្ងៃម្សិលមុិញនេះ បានចុះធ្វើកិច្ចសន្យាជាមួយតំណាងក្រុមហ៊ុនដួងស្រួច គ្រុប បញ្ឈប់សកម្មភាពរបស់ក្រុមហ៊ុន ដែលកំពុងប្រមូលផលអនុផលព្រៃឈើក្នុងសម្បទានដីសង្គមកិច្ចឃុំរំដោះស្រែ ស្រុកជាំក្សាន្ត។
ជាមួយគ្នានោះផងដែរតំណាងក្រុមហ៊ុនដួងស្រួច គ្រុប ដែលមានឈ្មោះដែលមានឈ្មោះលី សុទ្ធារ៉ា ភេទប្រុសអាយុ៣២ឆ្នាំបានផ្តិតមេដៃដោយសន្យានៅចំពោះមុខមន្ត្រីជំនាញថានិងងនុវត្តតាមលិខិតលេខ២៩៤កសកចុះថ្ងៃទី១៨ខែមករាឆ្នាំ២០១៨របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានសន្យាថាបើមិនអនុវត្តតាមប្រកាសរបស់ក្រសួងកសិកម្មទេ ក្រុមហ៊ុនសូមទទួលខុសត្រូវចំពោះមុខច្បាប់រដ្ឋបាលព្រៃឈើ។
លោកពឹង ទ្រីដាបានដឹងទៀតថា៖ក្រៅពីការធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពប្រមូលផលអនុផលព្រៃឈើរបស់ក្រុមហ៊ុនដួងស្រួច គ្រុប គឺយើងតម្រូវអោយមានការរុះរើទីតាំង និងបញ្ឈប់សកម្មភាពរថយន្តដឹកឈើផងដែរ ដូច្នេះករណីនេះអជ្ញាធរខេត្តក៍ដូចជាមន្ត្រីជំនាញបានអនុវត្តតាមលិខិតរបស់ក្រសួងកសិកម្មហើយ មិនដូចព័ត៌មានខ្លះបានបង្ហោះថាក្រុមហ៊ុននៅមានសកម្មភាពនោះទេ។
លើសពីនេះទៀត លោកអភិបាលខេត្ត បានដាក់បញ្ជាឲ្យមន្រ្តីមូលដ្ឋានតាមដានជាប្រចាំរាល់សកម្មភាព ជុំវិញទីតាំងក្រុមហ៊ុន ក្នុងករណីមានបទល្មើសកើតឡើងត្រូវអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងបំផុត ដោយមិនលើកឡែងជាដាច់ខាត៕