(សៀមរាប)៖ នៅវេលាព្រឹកម៉ោង ១០៖០០នាទី ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ដែលត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ នាសណ្ឋគារសុខា-អង្គរ ក្រុងសៀមរាប លោក Kazuyuki Nakane អនុរដ្ឋមន្ត្រី នៃក្រសួងការបរទេសជប៉ុន បានអញ្ជើញមកដល់ក្រុងសៀមរាប-អង្គរ ដើម្បីត្រៀមកាត់ខ្សែរបូសម្ភោធបើកដំណើការជាផ្លូវការ ការិយាល័យកុងស៊ុលជប៉ុន នៅខេត្តទេចរណ៍ដ៏មានសក្តានុពលមួយនេះ។
ការអញ្ជើញមកដល់របស់លោកអនុរដ្ឋមន្រ្តី នៅឯព្រលានយន្ដហោះអន្តរជាតិខេត្តសៀមរាប នាព្រឹកនេះដោយមានការទទួលស្វាគមន៍ពី អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប, លោក HORINOUCHI Hidehisa ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា, នាយឧត្តមសេនីយ៍ ឆាយ ស៊ីណារិទ្ធ អគ្គស្នងការរងនគបាលជាតិ និងជាតំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ, អភិបាលរងខេត្ត, និងវត្តមានរបស់មន្ត្រី JICA រួមនិងប្រតិភូអមដំណើរមួយចំនួនទៀត ផងដែរ ។
បើតាមកម្មវិធីដែលបានគ្រោងទុក ដែលភ្នាក់ងារអង្គភាព Fresh News ប្រចាំខេត្តសៀមរាប ទទួលបាននាព្រឹកនេះ៖ តាមគម្រោងលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នឹងទៅពិនិត្យរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មី ដែលហៅថា រោងចក្រផលិតទឹកស្អាត ទឹកវិលទី២ នៅសង្កាត់ទឹកវិល ក្រុងសៀមរាប, រួចនឹងបន្តដំណើរទៅសណ្ឋាគារសុខា ផាលេស នាក្រុងសៀមរាប ដើម្បីកាត់ខ្សែរបូសម្ពោធបើកការិយាល័យកុងស៊ុលជប៉ុន នៅខេត្តសៀមរាប និងដោយមានការថ្លែងសន្ទុរកថាបើកផងដែរ។ ក្នុងនោះនឹងមានការប្រគល់លិខិតសរសើរជូនដល់បេក្ខជនរចនា Logo សន្ដិភាពជប៉ុន ឆ្នាំ២០១៨ ដោយឯកអគ្គរាជទូតជប៉ុន។ ហើយនៅរសៀលថ្ងៃដដែលនេះ លោកអនុរដ្ឋមន្រ្តីនឹងបន្តចេញដំណើរឆ្ពោះទៅរាជធានីភ្នំពេញផងដែរ៕