រថយន្ត Vigo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-6166 បុកម៉ូតូមួយគ្រឿងនៅខណ្ឌសែនសុខ បណ្តាលឲ្យបុរសម្នាក់ស្លាប់គួរឲ្យអណោចអធ័ម និងម្នាក់ទៀតរបួសធ្ងន់
27-01-2018 23:36
(ភ្នំពេញ)៖ បុរសអ្នកបើកម៉ូតូម្នាក់ បានស្លាប់គួរឲ្យអណោចអធ័ម ខណៈម្នាក់ទៀតរងរបួសធ្ងន់ ក្រោយរថយន្តម៉ាក Vigo ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-6166 បើកបុកនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។
សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ម្ចាស់រថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ ក្រោយបានបុកជាមួយជនរងគ្រោះ ដែលកំពុងបើកម៉ូតូបញ្ច្រាស់ទិសគ្នា។ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះលើអត្តសញ្ញាណប័ណ្ណ យ៉ន ភារុន អាយុជាង២០ឆ្នាំ រស់នៅភូមិស្តុក ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយឡែកអ្នកបើករថយន្ត មិនស្គាល់ឈ្មោះនោះទេ។ សម្រាប់ជនរងគ្រោះម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានសមត្ថកិច្ចហៅរថយន្តពេទ្យដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ ដោយជួយទាក់ទងសាច់ញាតិក្រុមគ្រួសារនៃសព មកទទួលយក និងបានយកទាំងរថយន្ត ហើយម៉ូតូដែលរងការខូចខាតនោះត្រូវយកទៅរក្សាទុក រង់ចាំការដោះស្រាយបន្តទៀត៕