(ភ្នំពេញ)៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានបំផុសឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋ យុវជន សិស្សនិស្សិត ចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច» ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានបទពិសោធន៍ជោគជ័យលើវិស័យទាំងនេះ ដើម្បីទទួលបានចំណេះដឹង និងសម្របសម្រួលខ្លួនឲ្យទាន់សភាពការណ៍សង្គម សំដៅកែប្រែជីវភាពរស់នៅឲ្យកាន់តែមានវឌ្ឍនភាពឈានឡើង។
គោលបំណងយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងដូច្នេះ ត្រូវបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាលស្ដីពី «វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច» ដល់វិនិយោគិន សហគ្រិន ពាណិជ្ជករ អាជីវករ និងយុវជនតាមគ្រឹះស្ថានឧត្តមសិក្សានានា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ង៉ែត ចាន់ដាវី ប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងមានការចូលរួមពីលោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិន។
លោក ង៉ែត ចាន់ដាវី បានលើកឡើងថា មន្ត្រីរាជការ វិនិយោគិន សហគ្រិន ពាណិជ្ជករ អាជីវករ និងយុវជន ត្រូវតែមានចំណេះដឹងឲ្យបានទូលំទូលាយលើវិស័យនយោបាយ និងសេដ្ឋកិច្ច ដែលជាវិស័យគូដើរទន្ទឹមគ្នា ដើម្បីសម្របសម្រួលខ្លួនឲ្យទាន់សភាពការណ៍លើបញ្ហាចម្បងចាំបាច់ទាំងនេះ សំដៅពត់តម្រង់ការរស់នៅ និងការប្រកបរបរអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគបស់ខ្លួនឲ្យត្រឹមត្រូវតាមបរិបទសង្គមបច្ចុប្បន្ន និងទៅអនាគត។
លោកប្រធានមន្ទីរបក្សបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ឱកាស និងបើកទូលាយដល់ប្រជាពលរដ្ឋគ្រប់គ្នា ក្នុងការប្រឹងប្រែងអភិវឌ្ឍន៍ខ្លួន បង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការការពារសន្តិភាព ស្ថិរភាព និងការខិតខំអភិវឌ្ឍន៍ប្រទេស ក៏ដូចជាការដាក់ចេញគោលនយោបាយជំរុញផង គាំពារផង និងជួយជាបន្តបន្ទាប់ផង ដើម្បីឲ្យតែប្រជាពលរដ្ឋរស់នៅក្នុងភាពសុខសាន្ត ភាពថ្លៃថ្នូរ និងភាពរីកចម្រើនទៅមុខ។
ដើម្បីចូលរួមក្នុងការសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា និងក្នុងនាមជាមេដឹកនាំសមាគមមួយចំនួនផងដែរនោះ លោក ឡី សុភាព បានខិតខំកៀរគរជំនួយ និងដៃគូសហការជាច្រើន បង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាលស្ដីពី «វិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច» នេះឡើង ខណៈឆន្ទៈយកចិត្តទុកដាក់ចំពោះប្រទេសជាតិនេះ ក៏ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីប្រធានមន្ទីរគណបក្សរាជធានីភ្នំពេញ លោក ង៉ែត ចាន់ដាវី ផងដែរ។
លោក ឡី សុភាព បានអះអាងថា ការចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលដ៏សំខាន់បំផុតខាងលើនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹងយ៉ាងជាក់ច្បាស់ លើអ្វីដែលពាក់ព័ន្ធនឹងវិស័យនយោបាយ សេដ្ឋកិច្ច មានដូចជា ភាពជាអ្នកដឹកនាំ ផ្នែករដ្ឋបាល បដិសណ្ឋារកិច្ច និងចំណេះដឹងសំខាន់ៗជាច្រើនទៀត ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរារដ្ឋាភិបាល គណបក្សប្រជាជន និងអាជ្ញាធររាជធានីផង។
សម្រាប់ការចុះឈ្មោះចូលរៀន លោកអ្នកអាចអញ្ជើញចុះឈ្មោះចូលរួមបានចាប់ពីថ្ងៃនេះតទៅ នៅការិយាល័យសមាគមយុវជនសេដ្ឋកិច្ច ដែលមានអាសយដ្ឋានស្ថិតនៅសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ៕