(ភ្នំពេញ)៖ អបអរសាទរ! កីឡាករ ប្រាក់ មុន្នីឧត្តម សមាជិកក្រុមជម្រើសជាតិកម្ពុជា និងជាប្រធានក្រុមព្រះខ័នរាជស្វាយរៀង បានចុះកិច្ចសន្យាផ្លូវការជាមួយក្រុមសមាជិកលីកកំពូលម៉ាឡេស៊ី Negeri Sembilan ហើយជាមួយនឹងកុងត្រារយៈពេល ១ឆ្នាំ និងទទួលបានប្រាក់ខែខ្ទង់ ១ម៉ឺនដុល្លារពីក្លឹបថ្មីមួយនេះ ។ នេះបើតាមការឲ្យដឹងពីកីឡាករ ប្រាក់ មុន្នីឧត្តម ផ្ទាល់ពីប្រទេសម៉ាឡេស៊ីនាល្ងាចថ្ងៃសៅរ៍នេះ ។
ប្រាក់ មុន្នីឧត្តម បានរៀបរាប់ដោយសង្ខេបថា ការលេងឲ្យក្លឹប Negeri Sembilan គឺក្នុងកុងត្រារយៈពេល ១ឆ្នាំ ជាមួយនឹងប្រាក់ខែជិត ១ម៉ឺនដុល្លារ(មិនប្រាប់ប្រាកដទេ) ។ លើសពីនេះ ក៏ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតផងដែរ ដូចជាផ្ទះមួយល្វែង, ឡានមួយសម្រាប់ធ្វើដំណើរ ពិសេសគឺការទទួលបាននូវប្រាក់ឧបត្ថម្ភផ្សេងៗ ប្រមាណជាង ១ពាន់ដុល្លារ ប្រសិនបើជួយក្រុមឈ្នះការប្រកួតធំៗទៀតផង ។
សូមបញ្ជាក់ថា ម្ចាស់ពានកីឡាករល្អជាងគេ ប្រចាំពាន Hun Sen Cup 2017 ប្រាក់ មុន្នីឧត្តម បានក្លាយជាកីឡាករកម្ពុជាទី៤ ហើយ ដែលបានលេងនៅលីគកំពូលម៉ាឡេស៊ីឆ្នាំនេះ ខណៈកីឡាករកម្ពុជា ៣រូបនេះ បាននឹងកំពុងលេងនៅទីនោះស្រាប់ រួមមានកីឡាករ ចាន់ វឌ្ឍនាកា លេងឲ្យក្លឹបជើងឯករង Pahang FA, កីឡាករ កែវ សុខផេង លេងឲ្យក្លឹប PKNP FC និងកីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន លេងឲ្យក្លឹប Terengganu FC ៕