(ភ្នំពេញ)៖ លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងជាប្រធានក្រុមតំណាងរាស្ត្រ ទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ បានចូលជួបពិភាក្សាការងារមួយចំនួនជាមួយនឹងថ្នាក់ដឹកនាំកំពូលៗ ប្រចាំមន្ទីរពេទ្យជោរៃភ្នំពេញ ដើម្បីពាំនាំពាក្យទាំងអស់ទៅជូនដំណឹងដល់រដ្ឋាភិបាលវៀតណាម ធ្វើការសម្របសម្រួលជូនមន្ទីរពេទ្យ។
លោក ផាន់ សុខា នាយកិរញ្ញវត្ថុ នៃមន្ទីរពេទ្យជោរៃភ្នំពេញ បានឲ្យដឹងថា មន្ទីរពេទ្យជោរៃភ្នំពេញ ពិតជាមានកិត្តិយសខ្លាំងណាស់ ចំពោះការអញ្ជើញមកដល់របស់ លោក guyen Thien Nhan ដែលបានផ្តល់ពេលវេលាមកជួបពិភាក្សាការងារជាមួយនឹងមន្ទីរពេទ្យរបស់ខ្លួន រួមនឹងធ្វើការចុះសួរសុខទុក្ខប្រជាពលរដ្ឋមួយចំនួនដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោកបានបញ្ជាក់បន្ថែមថា កិច្ចពិភាក្សាការងារចម្បងនាថ្ងៃនេះគឺផ្តោតសំខាន់ចង់ឲ្យលើបញ្ហាពន្ធ ដែលចង់ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល រួមនឹងក្រសួងពាក់ព័ន្ធផ្សេងទៀត មានការបន្ធូរបន្ថយពន្ធចំពោះមន្ទីរដែលទើបនឹងបង្កើតមួយនេះផងដែរ។
ទាក់ទងនឹងការស្នើសុំរបស់មន្ទីរពេទ្យជោរៃភ្នំពេញ លើបញ្ហាពន្ធនេះ លោក Nguyen Thien Nhan ដែលជាមន្ត្រីជាន់ខ្ពស់ក្រុងហូជីមីញបានឆ្លើយបញ្ជាក់ថា លោកនឹងធ្វើការនាំពាក្យទាំងអស់នេះ ទៅរដ្ឋាភិបាលវៀតណាម ដើម្បីធ្វើការសម្របសម្រួល ជូនមន្ទីរពេទ្យថ្មីមួយនេះ ដើម្បីធ្វើឲ្យវីស័យសុខាភិបាលនៅកម្ពុជា រឹតតែមានការរីកលូតលាស់ជាងនេះទៀត។
បើតាម លោក ផាន់ សុខា ឲ្យដឹងទៀតថា «បើតាមដំណឹងពីក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអេកូវៀតណាម បានឲ្យដឹងថា យ៉ាងយូរនៅក្នុងខែកុម្ភៈខាងមុខ មន្ទីរពេទ្យជោរៃភ្នំពេញ នឹងទទួលបានដើមទុនបន្ថែម ដើម្បីនាំយកឧបករណ៍ទំនើប ក្នុងការបង្កើនសមត្ថភាពព្យាបាល ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»៕