(ភ្នំពេញ)៖ ក្រោយពីបានឃាត់ខ្លួនកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅនោះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជូនស្ត្រីម្នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ពាក់ព័ន្ធករណី ឆបោកប្រាក់ ប្រមាណជា ៤ម៉ឺនដុល្លារ។
យោងតាមរបាយការណ៍សមត្ថកិច្ច ស្ត្រីសង្ស័យមាន ឈ្មោះ លក្ខិណ៍ ចិន្តា ភេទស្រី អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ ៣៧៨ ផ្លូវលំ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីជនសង្ស័យត្រូវបានឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ដែលបានបង្គាប់ឲ្យឈ្មោះ លក្ខិណ៍ ចិន្តា បង្ហាញខ្លួននៅមុខ សមត្ថកិច្ចការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។
សមត្ថកិច្ចបន្ថែមថា ការឃាត់ខ្លួនស្ត្រីសង្ស័យឈ្មោះ លក្ខិណ៍ ចិន្តា នេះបានធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ យិន សុផារី ភេទស្រី អាយុ៣៨ឆ្នាំ ដែលបានប្តឹងចោទ ប្រកាន់ថា ជនសង្ស័យបាន ខ្លីប្រាក់ខ្លួនចំនួន៤ម៉ឺនដុល្លារ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ ដោយសន្យាថា នឹងសងត្រលប់មកវិញគ្រប់ចំនួន ត្រឹមតែ៣ថ្ងៃ ប៉ុណ្ណោះ។
ប៉ុន្តែផ្ទុយពីការសន្យា ស្ត្រីសង្ស័យឈ្មោះលក្ខិណ៍ ចិន្តា មិនព្រមសងប្រាក់ទៅដើម្បីបណ្តឹងវិញឡើយ បើទោះជាដើមបណ្តឹង ខំប្រឹងតាមទារ ជាច្រើនលើកច្រើនសារក៏ដោយ។ ដោយឈឺចាប់ នឹងការបោកប្រាស់នេះ ទើបដើមបណ្តឹងសម្រេចដាក់ពាក្យប្តឹងជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌តែម្តងទៅ។
សមត្ថកិច្ច បញ្ជាក់ថា សំណុំរឿងនេះ កំពុងស្ថិតក្រោមចំណាត់ការរបស់ លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕