(ព្រះសីហនុ)៖ នៅព្រឹក ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេសប្រចាំ នៅកម្ពុជា តំណាងនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
បន្ទាប់ពីមានការកើនឡើង នូវចំនួនជនបរទេសនៅក្នុងខេត្ត ហើយបច្ចុប្បន្នដោយសង្កេតឃើញមានបញ្ហាអវិជ្ជមានមួយចំនួន ប្រព្រឹត្តដោយជនបរទេស និងមានបញ្ហាមួយ ចំនួនកើតទៅលើជនបរទេស ជាពិសេសអ្នកទេសចរបរទេស និងមានគោលការណ៍ណែនាំចង្អុល បង្ហាញពីឯកឧត្ដម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ។
នាយឧត្ដមសេនីយ៍ ថោង លីម បានផ្តោតលើការត្រួតពិនិត្យ និងពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ពិនិត្យលើផលប៉ះពាល់នានាក្នុងការកើនឡើងនូវចំនួនជនបរទេស ពង្រឹងការអនុវត្តច្បាប់ទៅ លើជនបរទេសដែលបង្ក អសន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ ពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនានា ក្នុងការអនុវត្តច្បាប់ទៅលើជនបរទេស រិះរកវិធានការយុទ្ទសាស្រ្តក្នុងការដោះស្រាយបញ្ហា និងដាក់ចេញផែនការទិសដៅ ការងារដល់បណ្ដាថ្នាក់ដឹកនាំ មន្រ្តីនគរបាលទូទាំងខេត្ត អនុវត្តបន្ត ដើម្បីធ្វើយ៉ាងណាអោយខេត្ត ដែលមានសក្ដានុពលទេសចរណ៍មួយនេះ ទទួលបាននូវសន្តិសុខសុវត្ថិភាពសាធារណៈល្អ។
ទោះបីជាយ៉ាង ណាក៏ដោយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាដឹក នាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានខិតខំយកចិត្តទុកការពារ សន្តិសុខ សុវត្ថិភាពសង្គម របៀបរៀបរយសាធារណៈបានល្អប្រសើរជាលំដាប់ បានចាប់ឃាត់ខ្លួន ជនបររទេសប្រព្រឹត្តបទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រហ្មទណ្ឌ ការចាប់ជំរិតនានា និងការបង្ក គ្រោះថ្នាក់ចរាចរណ៍ និងបានដោះស្រាយបញ្ហាជាច្រើន ជូនភ្ញៀវទេសចរណ៍បរទេសនៅក្នុងខេត្តមួយនេះ។
លើសពីនេះ ស្នងការខេត្តព្រះសីហនុ បានបេ្ដជ្ញាធ្វើយ៉ាងណាអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ទៅលើ គ្រប់បណ្ដាអ្នកវិនិយោគ និងអ្នកទេសចរណ៍បរទេសទាំងអស់ អោយមានប្រសិទ្ធិភាពខ្ពស់ រួមទាំងការការពារសន្តិសុខ សុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគនិងទេសចរបរទេសមកកម្ពុជា៕