(ប៉ៃលិន)៖ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលមានសភាពចាស់ទ្រុឌទ្រោម ត្រូវបានលោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ ដែលទើបឡើងថ្មី បាននិងកំពុងរៀបចំ ឲ្យមានសោភ័ណភាព ដូចជាការតសំយាកមកមុខ ដើម្បីឲ្យត្រជាក់ ដែលមានកន្លែងសម្រាប់ទទួលភ្ញៀវ កន្លែងស្នាក់នៅរបស់មន្ត្រីក្រោមឱវាទ ព្រមទាំងការចាក់សាប់ ក្នុងកន្លែងធ្វើការផងដែរ។
បើតាមសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានឲ្យដឹងនៅថ្ងៃទី២៧ ខែមករានេះថា អាគាររដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុង បានបង្កើតឡើងតាំងពីយូរយាណាស់មក ហើយ ដោយមានសភាពចាស់ទ្រុឌទ្រោម មានការប្រេះតាមជញ្ជាំងអាគារ ហើយដំបូលពេលភ្ញៀងធ្លាក់មកម្តងៗ មានការលិចជាច្រើនកន្លែង ដែលបញ្ហានេះគឺវាពិបាកខ្លាំងបំផុត សម្រាប់កន្លែងធ្វើការមួយនេះ។
សមត្ថកិច្ច បានបន្តថា កន្លងមកនៅអធិការដ្ឋាននគរបាលក្រុង គឺត្រូវបានលោក លឹម វាសនា អធិការនគរបាលចាស់ ដែលត្រូវបានផ្លាស់ចេញរៀបចំ ធ្វើជាកន្លែងធ្វើការរួម និងការស្នាក់នៅ របស់មន្ត្រី ដែលមានការតចំហៀងខាងត្បូងម្តងរួចទៅហើយដែរ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ផងដែរ ជាមួយគ្នានេះដែរ ក្នុងអធិការដ្ឋានក្រុង ទាំងមូលនៅមិនទាន់មានកន្លែងសា្នក់នៅដាច់ ដោយឡែកពីកន្លែងធ្វើការនៅឡើយនោះទេ។
សមត្ថកិច្ច បានបន្ថែមទៀតថា ក្រោយពីអធិការចាស់ ផ្លាស់ប្តូទៅកន្លែងថ្មី យើងក៏មានអធិការថ្មីវ័យក្មេង មកជំនួសគឺលោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ ដែលពីមុនលោកកាន់ជា នាយរងការិយាល័យ ជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនផងដែរ។
លោកវរសេនីយ៍ត្រី យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដែលទើបឡើងថ្មី បានឲ្យដឹងថា ដោយមើលឃើញពីការខ្វះខាត សមិទ្ធិផលមួយចំនួន នៅក្នុងអធិការដ្ឋាននគរបាល ក្រុងប៉ៃលិន សំយ៉ាកខាងមុខ បន្ទប់ទឹកជាដើម។
លោកអធិការឡើងថ្មី បានកែច្នៃ ឲ្យមានសមិទ្ធិផលនានា នៅក្នុងក្រុងប៉ៃលិន ដោយលោកចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីទិញសម្ភារ និងជួលឲ្យក្រុមជាង មកតសំយ៉ាកខាងមុខអធិការ ដើម្បីឲ្យវាត្រជាក់សម្រាប់មន្ត្រី និងប្រជាពលរដ្ឋ ដែលមករកសេវា ព្រមទាំងជួសជុលបន្ទុបទឹកឡើងវិញ។
លោកអធិការ បន្តថា លោកបានរៀបចំកសាងនូវសមិទ្ធិផល បន្តពីអធិការចាស់ ដែលត្រូវផ្លាសប្តូរ ទៅកាន់តំណែងថ្មី ជាមួយគ្នានឹងការខិតខំរៀបចំកន្លែងធ្វើការ ដោយក្នុងនោះលោក ក៏បានរៀបចំកម្លាំងមួយចំនួន ឲ្យចេះសំអាតនៅបរិស្ថាន អនាម័យឲ្យបានល្អ ស្អាត ព្រោះកន្លែងធ្វើការ ប្រៀបបីដូចជាតម្លៃនៃការងារផងដែរ បើកន្លែងធ្វើការស្អាត មានផាសុកភាព អ្នកដទៃ ក៏គេឲ្យតម្លៃគោរពនៅតួនាទី របស់ខ្លួនផងដែរ។
លោកអធិការ បានបន្ដទៀតថា ក្នុងការចំណាយថវិកា សម្រាប់ការជួសជុល និងរៀបចំសមិទ្ធិផលមួយចំនួននេះដែរ គឺបានចំណាយថវិកាអស់ជាង២០០០ដុល្លារ ជាមួយគ្នានេះដែរ នៅក្នុងអធិកាដ្ឋានទាំងមូល មិនមានបន្ទុបសម្រាក របសកងកម្លាំងនោះទេ។ លោកថា ការរៀបចំស្តារសមិទ្ធិផល ក្នុងអធិការនេះរួមមាន៖ ការដាក់ម៉ាស៊ីនត្រជាក់ចំនួន២គ្រឿង ធ្វើពិដាន ចាក់ប៊ីតុង និងធ្វើសំយ៉ាបផងដែរ៕