(កំពង់ចាម)៖ ព្រះករុណា ព្រះបាទសមេ្តចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានសព្វព្រះរាជហរទ័យ ស្តេចយាងសួរសុខទុក្ខ ដោយផ្ទាល់ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្រ្តជាកសិករក្រីក្រ ៥៤២គ្រួសារ នៅភូមិព្រីងជុំ ឃុំព្រីងជុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។
ក្នុងការចូលរួមដង្ហែរព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសនេះ មានវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង លោក គុយ សុផល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង និងព្រមទាំង នាយម៉ឺនសព្វមុខមន្រ្តីនៃក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរខេត្ដកំពង់ចាម គ្រប់លំដាប់ថ្នាក់ជាច្រើនផងដែរ។
ក្នុងការយាងដល់ដល់ឃុំព្រីងជុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ បានសព្វព្រះរាជហឬទ័យ ស្តេចយាង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកុមារា កុមារី ដែលជាកូន ជាចៅ ចៅទូតរបស់ព្រះអង្គ ដោយបានរៀបចំអាហារស្រស់ស្រូបពេលព្រឹកជូនកុមារទាំងអស់នោះផងដែរ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាននូវព្រះរាជអំណោយដោយ ផ្ទាល់ជូនដល់កុមារា កុមារីរាប់រយនាក់ ដោយម្នាក់ៗទទួលបានមីកំប៉ុងចំនួន២កំប៉ុង នំប៉ាវចំនួន១ នំផ្អែមចំនួន១កញ្ចប់ ផ្លែប៉ោមចំនួន១ផ្លែ ទឹកក្រូចចំនួន ១កំប៉ុង ទឹកបរិសុទ្ធចំនួន១ដប សៀវភៅចំនួន ២ក្បាល ប៊ិច១ដើម អាវយឺតមានស្លាក ព្រះរាជអំណោយព្រះករុណា ព្រះបាទសមេ្តចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន១ និងថវិកា ៥.០០០រៀល។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបន្តយាង ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជារាស្រ្ដជាកសិករចំនួន ៥៤២គ្រួសារ ដោយបានមាន ព្រះរាជបន្ទូលសំដែងនូវព្រះរាជហរទ័យសប្បាយរីករាយ ដោយបានជូបលោកតាលោក យាយ និង ប្រជារាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជាពិសេសព្រះអង្គបានទត និងជួបផ្ទាល់ជាមួយប្រជារាស្រ្ត ជាកសិករ ព្រមទាំងមានព្រះរាជបន្ទូលពីព្រះរាជបណ្តាំសាក់សូរសុខទុក្ខ ពីសំណាក់សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ែ សម្តេចយាយ សមេ្តច យាយទូត ជូនប្រជារាស្ត្រជាកួន ជាចៅ ចៅទូត ចៅលូតរបស់ព្រះអង្គ ដែលព្រះអង្គ តែងតែយក ព្រះរាជហរទ័យ ទុកដាក់ពីសុខទុក្ខ និងការលំបាក ក៏ដូចជាការរស់នៅរបស់ប្រជារាស្ត្ររបស់ព្រះអង្គគ្រប់ពេលវេលា។
បន្ទាប់ពីព្រះរាជបន្ទូលសំណេះសំណាលរួចមក ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាច ក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ បានសព្វព្រះរាជហរទ័យ ស្តេចយាងប្រោស ព្រះរាជទាននូវព្រះរាជអំណោយដោយផ្ទាល់ព្រះហស្ថរបស់ព្រះអង្គដល់ប្រជារាស្រ្ដជាកសិករក្រីក្រ ចំនួន៥៤២គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មានមុង១ ភូយ១ សារុង១ និងក្រមា១) កន្ទេល១ មី១កេស ត្រីខ១០កំប៉ុង ស្បែកជើងផ្ទាត់១គូរ អាវយឺត មានស្លាក ព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចំនួន ១ អាវរងារចំនួន១ និងថវិកា ១០ម៉ឺនរៀល៕