(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ បានជំរុញឲ្យថ្នាក់ដឹកនាំខេត្តព្រះវិហារ គ្រប់ជាន់ថ្នាក់ត្រូវសហការគ្នា ដើម្បីឲ្យទទួលបានជោគជ័យ ក្នុងការងារបក្ស និងការងាររាជរដ្ឋាភិបាល។
ការជំរុញបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក មាស សុភា អញ្ជើញចូលរួមក្នុងពិធី ផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្ស ប្រជាជនកម្ពុជា ដល់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៅទូទាំងខេត្តព្រះវិហារ ឲ្យយល់ជ្រួតជ្រាប។
ពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា សមាជិក គណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំងក្រុមការងារ ថ្នាក់កណ្តាល ថ្នាក់ខេត្ត-ក្រុង ឃុំ-សង្កាត់ ជាច្រើនរូបទៀតផងដែរ។
លោក មាស សុភា បានថ្លែងថា នៅក្នុងអង្គមហាសន្និបាតទូទាំងប្រទេសលើកនេះ ដែលបានដំណើរការពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨កន្លងមកនេះ គឺបានឆ្លងនូវខ្លឹមសារ៤ជាសំខាន់រួមមាន៖
ខ្លឹមសារទី១៖ គឺឆ្លងរបាយការណ៍បូកសរុប ការដឹកនាំរបស់គណបក្សសម្រាប់ឆ្នាំ២០១៧ និងទិសដៅសម្រាប់ឆ្នាំ២០១៨
ខ្លឹមសារទី២៖ ឆ្លងកម្មវិធីនយោបាយ របស់គណបក្សសម្រាប់ដឹកនាំ ក្នុងរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣
ខ្លឹមសារទី៣៖ គឺការណែនាំ ផែនការឆ្ពោះទៅការបោះឆ្នោត ជ្រើសតំណាងរាស្ត្រនិតិកាលទី៦ នៃរដ្ឋសភា
ខ្លឹមសារទី៤៖ គឺអង្គមហាសន្និបាតវិសាមញ្ញ ទូទាំងប្រទេសដំណើរការបោះឆ្នោតជ្រើសរើសបំពេញបន្ថែម សមាជិកគណៈកម្មាធិការកណ្តាលពីចំនួន៥៤៥រូប ដល់៨៥៥រូប បានន័យថា បន្ថែម៣៤២រូប។
ជាមួយគ្នានេះ អង្គមហាសន្និបាត ក៏បានពិភាក្សាមួយថ្ងៃពាក់ព័ន្ធ ការដឹកនាំឆ្នាំ២០១៧ ដល់២០១៨ របស់គណបក្សប្រជាជនកម្ពុជាផងដែរ។
លោក មាស សុភា ក៏បានថ្លែងអបអរសារទរដល់ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោត ជ្រើសតាំងជាសមាជិក គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាផងដែរ។
ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហាររូបនេះ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវរួមសហការគ្នា ដឹកនាំការងារបក្សក្តី ការងាររដ្ឋាភិបាលក្តី នៅក្នុងខេត្តព្រះវិហារ ឲ្យទទួលបានជោគជ័យ៕