(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះបានថ្លែងថា រដ្ឋាភិបាលបានខិតខំស្វែងរកជំនួយពីបរទេស ដើម្បីបានគំរោងមកអភិវឌ្ឍនៅក្នុងប្រទេសឲ្យ មានការរីកចម្រើន ព្រោះថវិកាជាតិមានកំណត់មិនគ្រប់គ្រាន់ សម្រាប់ដោះស្រាយឲ្យទាន់ពេលវេលា រហូតដល់អ្នកមួយចំនួនលើកថា សម្តេចពូកែសុំ ប៉ុន្តែសម្តេចតេជោ សុំដើម្បីមកអភិវឌ្ឍប្រទេសដើម្បីប្រជាជន។
ការថ្លែងបែបនេះរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវឧបដ្ឋានសាលា និងសមិទ្ធិផលនានា ក្នុងវត្តសាគរបូរី (ព្រែកលីវ) ស្ថិតក្នុងភូមិព្រែកលីវ ឃុំរការអារ ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
លោក ហ៊ុន ម៉ាណែត ថ្លែងថា សមិទ្ធិផលដែលបានដាក់សម្ពោធនេះ គឺទុកសម្រាប់ជាប្រយោជន៍សាធារណៈ ដល់កូនចៅជំនាន់ក្រោយ។ សមិទ្ធិផលនេះ បានពីការចូលរួមពីសំណាក់ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅទីនេះផ្ទាល់។
លោកក៏បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរហូត សម្រេចបាននូវសមិទ្ធិផលទាំអស់នេះ។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការដឹកនាំប្រទេស គឺត្រូវការវិស័យពុទ្ធិចក្រ និងអាណាចក្រ ដើរទន្ទឹមគ្នា ហើយការដឹកនាំប្រទេស គឺចំបាច់ត្រូវតែឲ្យប្រជាជនសុខសប្បាយ ដែលស្របទៅនឹងផ្លូវព្រះពុទ្ធសាសនា។ កាលពីអតីតកាល ខែ្មរក្រហមបានបំផ្លាញពុទ្ធសាសនា និងសាសនាផ្សេងៗទាំងស្រុង ទីបំផុតធ្វើឲ្យប្រជាជនរងទុក្ខវេទនា ប្រទេសធ្លាក់ចូលក្នុងសង្គ្រាម។
លោកក៏សូមពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគេនជូនចំពោះព្រះតេជគុណ លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលពេលនេះ សម្តេចបានអញ្ជើញទៅបំពេញបេសកកម្ម នៅប្រទេសឥណ្ឌា ដើម្បីបង្កើតទំនាក់ទំនងល្អ គៀរគរ រកអ្នកវិនិយោគផ្សេងៗមកកម្ពុជា ដើម្បីបង្កើតការងារជូន ដល់កូនចៅប្រជាពលរដ្ឋខ្មែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងទៀតថា យើងមានការអភិវឌ្ឍជាបន្តបន្ទាប់ ដែលមានផ្លូវមានស្ពាន ដែលអភិវឌ្ឍពីផ្លូវលំទៅផ្លូវគ្រួសក្រហម ពីផ្លូវគ្រួសក្រហមទៅជាតផ្លូវបេតុង ពីជិះទូកដទៅមានស្ពានសម្រាប់ឆ្លងកាត់ ដែលផ្តល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ និងអត្ថប្រយោជន៍ជាច្រើនទៀត។ ទោះជាយ៉ាងណា ការសំណូមពរ តម្រូវការដោះស្រាយមានច្រើនទូទាំងប្រទេស រដ្ឋាភិបាលបានគិតគូរ ធ្វើការបែងចែកទៅតាមតម្រូវការចាំបាច់បន្តិចម្តងៗ ទៅតាលទ្ធភាពរដ្ឋ និងសប្បុរសជន ដើម្បីជួយចូលរួមចំណែក៕