(ភ្នំពេញ)៖ លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បាននាំកម្លាំងចំរុះចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែង ដែលបង្កប់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន
ដោយដកហូតបានហ្គេមបាញ់ត្រីចំនួន១គ្រឿង ឃាត់ខ្លួនស្រីប្រុសចំនួន៤នាក់ និងថ្នាំញៀនចំនួន៩កញ្ចប់ រួមទាំងវត្ថុតាងសំរាប់ជក់ និងសម្ភារៈមួយចំនួនធំផងដែរ។
ប្រត្តិបត្តិការណ៍បង្រ្កាបល្បែងហ្គេមបាញ់ត្រីខាងលើ បានធ្វើឡើង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចបរិវេណ ក្លឹបកំសាន្តមួយកន្លែង ភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ឃឹម ស៊ុនសូដា បានឲ្យដឹងថា ក្នុងការចុះប្រតិបត្តិការនាពេលនេះ គឺបានដកហូតបានទូរហ្គេមបាញ់ត្រីចំនួន១គ្រឿង ឃាត់ខ្លួនក្មេងស្ទាវស្រីប្រុស ដែលកំពុងលេង និងសំងំជក់ថ្នាំចំនួន៤នាក់ ៖ ទី១.ឈ្មោះ សន ចាន់រ័ត្ន អាយុ១៩ឆ្នាំ ទី២.ឈ្មោះ ចាន់ ស្រីរ័ត្នអាយុ១៨ឆ្នាំ ទី៣.ឈ្មោះ ឃុន ស្រីពៅ ១៨ឆ្នាំ និងទី៤.ឈ្មោះ នឹម រ៉ា អាយុភេទប្រុស ២១ឆ្នាំ រួមទាំងឆែកឆេររងឃើញថ្នាំម៉ាទឹកកកចំនួន៩កញ្ចប់ សំភារៈសម្រាប់ជក់ និងវត្ថុតាងមួយចំនួនធំទៀត។
លោក ឃឹម ស៊ុនសូដា បានបន្តទៀតថា ល្បែងហ្គេមបាញ់ត្រីខាងលើនេះ បានពង្វក់ស្មារតីមនុស្សក្មេងចាស់ប្រុសស្រី ពិសេសសិស្សសាលាឲ្យភ្លេចផ្ទះ ភ្លេចបាយ ភ្លេចទឹកភ្លេចចូលសាលា បំផ្លាញទ្រព្យសម្បត្ដិលុយកាក់ពុកម្ដាយ ពិសេសជាងនេះ ទៅទៀតគឺធ្វើឲ្យអសន្តិសុខនៅ ក្នុងមូលដ្ឋានកើតចេញជាអំពើចោរកម្ម លួច ឆក់ ប្លន់នឹងការជួញដូរគ្រឿងញៀនជាដើម។ល។
លោក ឃឹម ស៊ុនសូដា បានបន្តទៀតថាចំពោះក្មេងស្ទាវទាំង៤នាក់នេះរួមទាំងថ្នាំញៀន៩ កញ្ចប់និងវត្ថុតាងផ្សេងទៀត មន្ត្រីជំនាញសាលាខណ្ឌកំពុងធ្វើរបាយការណ៍បញ្ជូន ទៅឲ្យផ្នែកជំនាញនគរបាលគ្រឿងញៀន ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់៕