(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សខេត្តមណ្ឌលគិរី បានកោះហៅអភិបាលស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ចៅសង្កាត់ និងស្មៀនទាំងអស់ មកប្រជុំដើម្បីពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួន ឲ្យកាន់ល្អប្រសើរថែមទៀត និងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ។
លោកអភិបាលខេត្តបានថ្លែងថា ដើម្បីបំពេញសេវា តម្រូវការសេវាសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ យើងត្រូវមានភារកិច្ចទទួលព័ត៌មាន និងធ្វើការស្រាវជ្រាវពិនិត្យឲ្យបានសព្វជ្រុងជ្រោយ ទាំងការងារបង្កាបង្រ្កាបទប់ស្កាត់ រាល់បទល្មើសផ្សេងៗ ដែលបានកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព និងតម្លាភាពដើម្បីធានាបាន នូវស្នាដៃជូនសង្គមជាតិ ប្រជាជននិងអង្គភាព។
លោកបន្ថែមថា ចំពោះសេវាសាធារណៈចំពោះប្រជាពលរដ្ឋវិញ ចៅសង្កាត់ មេឃុំ និងក្រុមប្រឹក្សា ត្រូវចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋផ្ទាល់ ដើម្បីចង់ដឹងពីភាពជាក់ស្តែង ដែលគាត់សំណូមពរ រួចត្រូវរាយការណ៍ការងារនោះ មកអភិបាលស្រុក ហើយប្រសិនបើកាងារនោះ អាចដោះស្រាយបាន ត្រូវដោះស្រាយនៅនឹងកន្លែង ហើយបើការងារនោះហួសសមត្ថភាព ត្រូវរាយការណ៍ជូនថ្នាក់លើបន្តទៀត។
លោកអភិបាលខេត្តក៏បាន ប្រាប់ឲ្យអាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ក៏ដូចជាមន្ទីរជំនាញតាមអង្គភាព រួមនឹងកងកម្លាំងមានសម្ថតកិច្ចផងដែរ ត្រូវចេះកែប្រែបញ្ហា ដែលមានឧបសគ្គ ឲ្យមកជាដំណោះស្រាយ ទើបរាល់បញ្ហាទាំងអស់ អាចទទួលបានជោគជ័យ នឹងគ្មានបញ្ហាកើតឡើង។ ដោយឡែក មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបំពេញតួនាទីឲ្យចំគោលដៅនូវជំនាញវិជ្ជាជីវៈរបស់ខ្លួន និងបំពេញតាមតម្រូវការប្រជាពលរដ្ឋមកពឹងពាក់។ ពិសេសកងកម្លាំងមានសមត្ថកិច្ច ក៏ដូច្នោះដែរ ការងារនឹងកាតព្វកិច្ចដែលថ្នាក់លើ ដាក់ឲ្យនឹងប្រគល់ជូនត្រូវអនុវត្តន៍ឲ្យចំគោលការណ៍ ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដោយស្មោះត្រង់ នឹងតម្លាភាពនៅតាមមូលដ្ឋាននីមួយៗរបស់ខ្លួន។
លោកអភិបាលបានបញ្ជាក់ថា ចាប់ពីពេលនេះទៅ មន្ត្រីខាងលើត្រូវមានស្មារតីឲ្យស្មោះត្រង់ ចំពោះប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ទុកចិត្តមកលើយើង។ ដូច្នោះ បន្ទាប់ពីទទួលបានផែនការនេះទៅ គ្រប់មន្រ្តីក្នុងមូលដ្ឋានខេត្តមណ្ឌលគិរីទាំងអស់ ត្រូវរៀបរៀងឥរិយាបទឲ្យបានល្អ ត្រៀមខ្លួនដើម្បីធ្វើការស្វាគមន៍ជានិច្ច ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលមកបំពេញសេវាសាធារណៈ នៅក្នុងសង្កាត់របស់ខ្លួន។
លោក ស្វាយ សំអ៊ាង បានលើកឡើងទៀតថា ចាប់ពីពេលនេះទៅ គ្រប់ចៅសង្កាត់ ស្មៀន មន្រ្តីជំនាញគ្រប់អង្គភាពទាំងអស់ ត្រូវរៀបរៀងឥរិយាបទឲ្យបានល្អ ត្រៀមបដិសណ្ឋាកិច្ចចាំទទួលប្រជាពលរដ្ឋ ដែលមកសុំបំពេញសេវាសាធារណៈ រាល់ឯកសារលិខិតស្នាម នៅក្នុងសង្កាត់របស់ខ្លួនឲ្យបានល្អ និងលឿន។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ការកោះហៅលោកអភិបាលស្រុក ប្រធានមន្ទីរ ចៅសង្កាត់ ស្មៀនសង្កាត់ទាំងអស់ នៅក្នុងមូលដ្ឋានមណ្ឌលគិរី មកប្រជុំនាពេលនេះ គឺដើម្បីពង្រឹងតួនាទី និងភារកិច្ចរបស់ខ្លួន ឲ្យបានរឹងមាំ និងប្រកបដោយប្រសឹទ្ធិភាពខ្ពស់ ទាំងការបង្កាបង្រ្កាបទប់ស្កាត់បទល្មើស និងក្នុងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យ បានល្អប្រសើរបន្ថែមទៀត បើទោះបីកន្លងមកយើងបានបំរើ ជូនប្រជាពលរដ្ឋបានល្អមួយកម្រិតហើយក្តី។
ជាងនេះទៀត លោកអភិបាលខេត្ត បានធ្វើការសង្កត់ធ្ងន់ដល់មន្រ្តីជំនាញ អភិបាល ស្រុក ទូទាំងខេត្ត រួបរួមសហការគ្នាទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រៃឈើ សត្វព្រៃដែលបានកើតឡើង ក្នុងក្នុងតំបន់ដែលខ្លួនគ្រប់គ្រង ប្រកប
ដោយភាពទទួលខសត្រូវខ្ពស់ ជៀសវាងកុំឱ្យគេថា ជាមន្រ្តីស្ពឹកស្រពន់ ឬមន្រ្តីអសមត្ថភាព៕