(ត្បូងឃ្មុំ)៖ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជោគវាសនាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គណបក្សប្រជាជនកម្ពុជា ជាអ្នករ៉ាប់រងគឺតម្កល់ទុក ផលប្រយោជន៍ជាតិជាធំ ដោយមិនទទួលស្តាប់ការបង្គាប់បញ្ជា ពីបរទេសណាមួយនោះឡើយ។
ថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តសាសនរង្សីសិរីសុខារាម ហៅវត្តតាប៉ាវបំពញទេស ក្នុងឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។
លោក ជា សុផារ៉ា ថ្លែងថា «បង្អែករបស់យើងរឹងមាំ គឺនៅលើគណបក្សប្រជាជនកម្ពុជា ដោយប្រកាន់ជំហរឹងមាំជានិច្ច សម្រាប់ជាតិមាតុភូមិ និងសេចក្តីសុខរបស់បងប្អូនប្រជាពលរដ្ឋ ពីព្រោះថា បទពិសោធន៍ នៅក្នុងប្រវត្តិសាស្ត្រ ក្រៅពីបាតដៃគណបក្សប្រជាជនកម្ពុជា ក្រៅពីបាតដៃសម្តេចតេជោ ហ៊ុន សែន មិនមានអ្នកណារវល់អើពើនោះទេ ។ ដូច្នេះដល់ដំណាក់ការនេះហើយ អ្នកណាក៏ដោយ គឺមិនអាចទប់ស្កាត់រារាំង ឬបដិសេធ នៅការរីកចម្រើនលើគ្រប់វិស័យ ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំយកមកបាននោះទេ ដោយឡែកចំពោះការចង់បង្វែរសេចក្តីសុខ បង្កភាពអសន្តិសុខជាតិ ធ្វើការបំផ្លិចបំផ្លាញជាតិ បំផ្លាញលិទ្ធិប្រជាធិបតេយ្យ ជាមួយនឹងនីតិរដ្ឋ ភាពសុខុដុមរមនា របស់ប្រជាពលរដ្ឋ ដែលគណបក្សប្រជាជនខិតខំ កសាងតាំងពីឆ្នាំ១៩៧៩ មកដល់ពេលនេះរយៈពេល៣៩ឆ្នាំនេះ ច្បាស់ណាស់ គឺដាច់ខាតអ្នកណាក៍ដោយគ្មានសិទ្ធិមកបំផ្លិចបំផ្លាញបានឡើយ»។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «សូមបងប្អូនកុំយកដុំថ្មជំនួសឲ្យដុំពេជ្រ, កុំបាចអង្កាមបញ្ច្រសខ្យល់, កុំចោលសាច់ស្រវាឆ្អឹង ដាច់ខាត គឺភាពម្ចាស់ការលើខ្លួនឯង ហើយពង្រឹងស្មារតីស្នេហាជាតិ ជាតិនិយម ឲ្យបានរឹងមាំពិតប្រាកដ ច្បាស់ណាស់គ្មានជាតិសាសន៍ណា មកឈឺឆ្អាលចំពោះសុខទុក្ខលរបស់ប្រជាពលរដ្ឋទេ មានតែខ្មែរមួយគត់ ដែលដឹងជម្រៅរាក់ជ្រៅដឹងតម្រូវការ និងសេចក្តីប៉ងប្រាថ្នារបស់បងប្អូនប្រជាពលរដ្ឋ»។
លោក រដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាក់បន្ថែមថា ក្នុងសង្គមគ្រួសារ ក្នុងសង្គមជាតិទាំងមូល យើងរស់នៅជាមួយគ្នា ចំនុចខ្វះខាតតែងតែមាន ប៉ុន្តែដាច់ខាតត្រូវតែមានការកែលម្អ ដោយលោក ជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ច សូមជួយគាំទ្រប្រជាពលរដ្ឋ ផ្តល់សេចក្តីសុខសុវត្ថិភាព ផ្តល់រាល់នូវសេចក្តីត្រូវការគ្រប់បែបយ៉ាង ដែលប្រជាពលរដ្ឋគាត់ចង់បាន ជាក់ស្តែងនាពេលនេះ សមិទ្ធផលនានា ដែលសម្ពោធឆ្លង ដើម្បីបម្រើក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសសនារបស់រដ្ឋ ត្រូវបានផ្តល់ជូនតាមសំណើរចង់បាន របស់បងប្អូនប្រជាពលរដ្ឋ សម្រាប់គោរពបូជា ចាប់ពីពេលនេះតទៅ។
នាឱកាសនោះ លោក ជា សុផារ៉ា បានប្រគេនថវិកាជូន វត្តតាប៉ាវបំពេញចំនួន១ម៉ឺនដុល្លារ សម្រាប់យកទុកប្រើប្រាស់ក្នុងវិស័យព្រះពុទ្ធសាសនា, ប្រគេនជូនវត្តសីលារង្សីចំនួន៣៥០០ដុល្លារ សម្រាប់សងសង់ដំបូលសាលាឆាន់ និងផ្តល់ជូនថវិកាចំនួន ១៥០០ដុល្លារ សម្រាប់សាងសង់អគារសាលារៀនផងដែរ៕