(ភ្នំពេញ)៖ បែកធ្លាយរឿងក្រុមឈ្មួញ អ្នករកស៊ីប្រព្រឹត្តបទល្មើសល្បែងស៉ីសង ក្នុងនោះមានទាំងមន្ត្រីតូចតាច នៃអធិការដ្ឋាននគរបាលខណ្ឌ មានទាំងមន្ត្រីធំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ៗ បានកាន់កញ្ជប់ថវិការយ៉ាងច្រើន ដើម្បីព្យាយាមទំនាក់ទំនងរត់ការមកអាជ្ញាធរខណ្ឌឬស្សីកែវ ដើម្បីស្នើរសុំដកគ្រឿងអេឡិចត្រូនិច «ម៉ាស៊ីនខួរក្បាលទូហ្គេមបាញ់ត្រី» និង «ទូហ្គេមពង់បៀ» ជាដើម។
លើសពីនេះ ក្រុមឈ្មួញជាមន្ត្រីនគរបាលតូចធំទាំងនោះ បានស្នើសុំកិច្ចអន្តរាគមន៍ ពីអាជ្ញាធរខណ្ឌឬស្សីកែវ ដើម្បីបើកទីតាំង «ហ្គេមបាញ់ត្រី» «ហ្គេមពង់បៀ» និងល្បែងផ្សេងៗដទៃទៀតផងដែរ ដែលផ្ទុយអំពីច្បាប់កំពុងហាមឃាត់។ តែទោះបីជាយ៉ាងណាក្ដី ការស្នើសុំ ពីក្រុមមន្ត្រីនគរបាលតូចធំទាំងនោះ ទៅកាន់អាជ្ញាធរខណ្ឌឬស្សីកែវ ដើម្បីសុំដកទាំង «ម៉ាស៊ីនខួរក្បាលទូហ្គេមបាញ់ត្រី» និង «ទូហ្គេមពង់បៀ» ព្រមទាំងស្នើរសុំបើកដំណើរការប្រព្រឹត្តបទល្មើសល្បែង ស៉ីសងឡើងវិញ ជាថ្នូរនិងកញ្ចប់ថវិកាមួយចំនួនធំ ត្រូវបានបរាជ័យទាំងស្រុង និងនាំគ្នាត្រឡប់ទៅវិញទាំងទឹកមុខក្រៀមក្រំ និងខឹងយ៉ាងសម្បារ ដោយសារតែការបដិសេធ និងច្រានចោលទាំងស្រុង មិនអាចទទួលយកតាមសំណូមពរបាន ពីសំណាក់អភិបាលរងខណ្ឌ លោក ប្រាជ្ញ សីហា តំណាងអភិបាលខណ្ឌ លោក ជា ពិសី។
ប្រភពនៃការបែកធ្លាយរឿង ក្រុមមន្ត្រីនគរបាលព្យាយាមរត់ការដើម្បីស្នើរសុំដកគ្រឿងអេឡិចត្រូនិច «ម៉ាស៊ីនខួរក្បាលទូហ្គេមបាញ់ត្រី» និង «ទូហ្គេមពង់បៀ» ព្រមទាំងស្នើសុំបើកទីតាំងឡើងវិញ ពីអាជ្ញាធរខណ្ឌឫស្សីកែវ ខាងលើនេះ បានផ្ទុះឡើងចេញពីមន្ត្រីសាលាខណ្ឌម្នាក់ ដោយសុំមិនបញ្ចេញឈ្មោះ បានបង្ហើបប្រាប់ភ្នាក់ងារ Fresh News ឲ្យបានដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ នេះថា បន្ទាប់ពីរយៈពេល២ថ្ងៃជាប់គ្នានេះ ពោលគឺចាប់ពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៨ ក្រោមការដឹកនាំដោយផ្ទាល់ដោយលោក ប្រាជ សីហា អភិបាលរងខណ្ឌ តំណាងអភិបាលខណ្ឌលោក ជា ពិសី បានបន្តដឹកនាំកម្លាំងអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេភូមិ ប្រជាការពារខណ្ឌ និងមន្ត្រីពាក់ព័ន្ធ ជាច្រើននាក់ ដើម្បីបន្តប្រតិបត្តិការយ៉ាងក្ដៅគគុក ក្នុងការស្រាវជ្រាវ រហូតឈានដល់ការលបឆ្មក់បង្ក្រាបបាន នូវទីតាំងបនល្បែងដល់ទៅ១០កន្លែងផ្ទួនៗគ្នា និងដកហូតបានទូហ្គេមបាញ់ត្រីធំៗ ចំនួន២១គ្រឿង ក្នុងនោះមានហ្គេមពង់បៀ ចំនួន៧គ្រឿងផងដែរ ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី២ និងនៅប្រឡាយភ្លោះ ក្នុងភូមិឡកំបោរ និងនៅក្បែរផ្សារតាប៊ុន ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បើតាម លោក ប្រាជ្ញ សីហា បានឲ្យដឹងផងដែរថា ចំពោះទូហ្គេមបាញ់ត្រី ក៏ដូចជាខួរក្បាលម៉ាស៉ិន ទូហ្គេមពង់បៀទាំងអស់ ក្រោយពីបង្ក្រាប ត្រូវបានដកហូតយកមករក្សាទុក នៅរដ្ឋបាលខណ្ឌឫស្សីកែវ ដោយមិនមានការលក់ដូរ ដើម្បីផលប្រយោជន៍ ដូចការលើកឡើងរបស់សារព័ត៌មាន ក្នុងស្រុកចេញផ្សាយនោះទេ៕