(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទូទាំង ស្រុកពញាក្រែក ក្នុងខេត្តត្បូងឃ្មុំ និងស្រុកកំចាយមារ ខេត្តព្រៃវែងជិត៣០០នាក់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨។
នៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការ ងារបម្រើប្រជាពលរដ្ឋ និង អភិវឌ្ឍន៍មូលដ្ឋានឱ្យមានសុខសុវត្ថិភាព និងការរីកចម្រើន ហើយទទួលបានការ គាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។
លោក វង សូត បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវនយោបាយឈ្នះឈ្នះ ធ្វើអោយប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស មានស្ថិរភាពនយោបាយរឹងមាំ និងបានកសាងអភិវឌ្ឍន៌ប្រទេសជាតិ មានការរីកចំរើនខ្លាំងក្លា លើគ្រប់វិស័យ។
លោក វង សូត បានជម្រាបជូនដល់ក្រុមប្រឹក្សាឃុំថា ការរំលាយគណបក្សសង្គ្រោះជាតិ មិនមែនជាអំពើខុសច្បាប់ឡើយ ពោលគឺយើងធ្វើអ្វីៗដោយគោរពទៅតាមច្បាប់ ដើម្បីការការពារសន្តិភាព ការពារសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ ។
បន្ថែមពីលើនោះ រដ្ឋមន្រ្តី វង សូត ក៏បានជម្រុញឲ្យសមាជិកក្រុមប្រឹក្សាឃុំ ដែលជាអង្គបោះឆ្នោតត្រូវត្រៀមខ្លួន ជាស្រេចក្នុងចូលរួមការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ និង ត្រូវខិតខំក្នុការធ្វើអំពើល្អ ជាមួយ ប្រជាពលរដ្ឋដើម្បីដណ្តើមប្រៀបឈ្នះក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕