(ភ្នំពេញ)៖ លោក បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានជួបសំណេះសំណាល ជាមួយ លោក HUYNH THANHDAT សមាជិកគណៈកម្មការកណ្តាលគណបក្ស និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យជាតិ និងលោក NGUYEN THIEN NHAN សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ និងជាប្រធានក្រុមតំណាងរដ្ឋសភា ក្រុងហូជីមិញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលនេះ លោក NGUYEN THIEN NHAN សមាជិកការិយាល័យនយោបាយ លេខាគណកម្មាធិការបក្ស ទីក្រុងហូជីមិញ បានអះអាងថា ភាគីវៀតណាម នឹងបង្កើតដេប៉ាតិ៍ម៉ង់ភាសាវៀតណាម និងបង្រៀនពីអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងពេលឆាប់ៗនេះ។
លោក NGUYEN THIEN NHAN បានបញ្ជាក់ថា «ចំពោះការបណ្តុះបណ្តាលតែភាសាវៀតណាម គឺមិនបាននោះទេ តែត្រូវការមានភាសាអង់គ្លេសនៅក្នុងនោះដែរ ពេលដែលខ្ញុំត្រលប់ទៅប្រទេសវៀតណាមវិញ ខ្ញុំនឹងដាក់សំណើរទៅថ្នាក់ដឹកនាំដើម្បីជួយបង្កើត ដេប៉ាតិ៍ម៉ង់នេះ នៅប្រទេសកម្ពុជា»។
ជាមួយគ្នានោះ លោក បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានសម្តែងការស្វាគមន៍ និងអរគុណ ដល់លោក NGUYEN THIEN NHAN ដែលបានបន្តកិច្ចសហប្រតិបត្តិការជាមួយ RUPP។ លោក ជេត ជាលី សង្ឃឹមថា គំ្រោងនេះ នឹងទទួលបានជោគជ័យ ហើយកម្ពុជា-វៀតណាម នៅតែជាដៃគូដ៏ល្អនឹងគ្នាទៀត មិនថាតែការសហការក្នុងក្របខណ្ឌវិស័យអប់រំ និងវិស័យផ្សេងៗទៀត។
បណ្ឌិត សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបន្តឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា បានចាត់ទុកសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យគំរូមួយនៅកម្ពុជា សាកលវិទញយាល័យនេះ ជាកន្លែងប្រមូលផ្តុំធនធានថវិកា និងធនធានមនុស្ស នៅលើផ្នែកឧត្តមសិក្សា។ និស្សិតវៀតណាមសិក្សា នៅ RUPP ក្រៅពីបានរៀនសូត្រ អក្សរសាស្រ្ត ហើយក្រុមនិស្សិតវៀតណាម ក៏បានចូលរួមសកម្មភាពសង្គមមួយចំនួន ជួយមកដល់សាកលវិទ្យាល័យផងដែរ។
បណ្ឌិត ជេត ជាលី បានបន្ថែមថា ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វៀតណាម និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានច្រើនលើសពីអាគារ ការបង្រៀនបងប្អូនៗ និងអនុស្សាវរីយ៍ដែលប្អូនៗប្រគល់ជូនមកសាកលវិទ្យាល័យ។
បន្ថែមពីលើនេះ លោក NGUYEN THIEN NHAN សមាជិកការិយាល័យនយោបាយ លេខាគណកម្មាធិការបក្ស ទីក្រុងហូជីមិញ បានស្នើឲ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមចូលរួមចំណែកឲ្យខ្លាំងក្លាថែមទៀត ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ទាំងវប្បធម៌ និងផ្នែកផ្សេងៗទៀត ដើម្បីអភិវឌ្ឍន៍តំបន់អាស៊ានយើងឲ្យមានការរីកចម្រើន និងជួយដល់ប្រជាជននៃប្រទេសយើងទាំង២ផងដែរ។
លោក NGUYEN THIEN NHAN បានបញ្ជាក់ជំហរថា ប្រទេសវៀតណាមជាមិត្តដ៏ស្មោះត្រង់ជាមួយកម្ពុជាជានិច្ច។
លោក ជឿជាកថា និស្សិតកម្ពុជា-វៀតណាម ទទួលបានជោគជ៍យគ្រប់ភារកិច្ច និងអាចក្លាយជាអ្នកដឹកនាំ និងអភិវឌ្ឍន៍ប្រទេសទាំង២ នាថ្ងៃអនាគត។
បើយោងតាមការបញ្ជាក់ឲ្យដឹងពី បណ្ឌិត ជេត ជាលី សរុបមកដល់ពេលនេះ RUPP មាននិស្សិតវៀតណាម ទទួលការសិក្សា ចំនួន៧៧៧នាក់ ក្នុងនោះ មាននិស្សិតកម្មាភិបាលនៅតាមបណ្តាខេត្ត និងក្រសួងមន្ទីរ ព្រមទាំងមន្រ្តីរបស់ស្ថានទូតវៀតណាមផងដែរ។ ក្នុងឆ្នាំសិក្សា២០១៧-២០១៨ មាននិស្សិតវៀតណាម ចំនួន១៤៩នាក់ សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រៅពីនោះ RUPP ក៏មានការសហការជាមួយ សាកលវិទ្យាល័យវៀតណាម ចំនួន៨ហើយ រហូតមកដល់ពេលនេះ៕