(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ និងប្រតិភូមកពីខេត្តហៃណាន ប្រទេសចិន បានជួបប្រជុំគ្នាពិភាក្សា និងសិក្សារួមគ្នាលើគម្រោងលុបបំបាត់ជម្ងឺគ្រុនចាញ់ នៅតាមតំបន់នានាទូទាំងខេត្ត ក្នុងគោលបំណងបំបាត់ឲ្យអស់ កុំឲ្យជម្ងឺគ្រុនចាញ់កើតមានលើប្រជាជនជាបន្តទៅទៀត។
លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះថា មន្ទីរសុខាភិបាលខេត្តព្រះវិហារ កាលពីម្សិលមិញ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមកពីខេត្តហៃណាន ប្រទេសចិន ក្នុងគោលបំណងរួមគ្នាលុបបំបាត់ជម្ងឺគ្រុនចាញ់ កុំឲ្យកើតមានឡើងក្នុងខេត្តព្រះវិហារតទៅទៀត។
លោកវេជ្ជបណ្ឌិត បានបន្តទៀតថា តាមពិតប្រតិភូរបស់ខេត្តហៃណាន ប្រទេសចិន បានចូលជួបសំដែងការគួរសមជាមួយលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យប្រតិភូចិន ខេត្តហៃណាន ជួយលុបបំបាត់ជម្ងឺគ្រុនចាញ់ នៅក្នុងខេត្តព្រះវិហារ និងខេត្តកំពង់ចាម។
ដោយមានការចង្អុលណែនាំពីសំណាក់លោកសស្ត្រាចារ្យ ម៉ម ប៊ុនហេង មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានជួបពិភក្សាជាមួយប្រតិភូចិន ខេត្តហៃណាន ដោយក្នុងនោះបានជូនប្រតិភូទស្សនកិច្ចមន្ទីរខេត្ត មណ្ឌុលសុខភាព ព្រមទាំងសហគមន៍ជួបជាមួយអ្នកស្មគ្រ័ចិត្តភូមិព្យាបាល ជម្ងឺគ្រុនចាញ់ផងដែរ។ បន្ទាប់ពីបានប្រជុំពិភាក្សានិងធ្វើទស្សនកិច្ចសិក្សា នៅតាមតំបន់ និងកន្លែងនានាមក ប្រតិភូចិនសន្យាថានឹងមកចុះជួយក្នុងពេលឆាប់ៗខាងមុខនេះ។
លោកវេជ្ជបណ្ឌិត គួង ឡូ បានឲ្យដឹងទៀតថា ចាប់តាំងពីរឆ្នាំ២០១២ មកដល់ឆ្នាំ២០១៨នេះ ជម្ងឺគ្រុនចាញ់បានហក់ឡើងខ្លាំងនៅចុងឆ្នាំ២០១៧ ប៉ុន្តែទោះជាយ៉ាងណាក៏មិនបណ្តាលឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយជម្ងឺគ្រុនចាញ់ដែរ៕