(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ជុំ សុន្ទរី បានធ្វើការឆ្លើយតបភ្លាមៗតាមរយៈបណ្តាញព័ត៌មាន Fresh News ប្រកបដោយភាពវិជ្ជមាន និងស្វាគមន៍ ចំពោះសេចក្តីសំរេចដោយចៅក្រម នៃតុលាការសហព័ន្ធអាមេរិក ដែដែលបានរារាំងការចង់បណ្តេញជនជាតិខ្មែរចំនួន ៩២រូប ភ្លាមៗចេញពីទឹកដីអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានឆ្លើយតបចំពោះបញ្ហានេះចំនួន៤ចំណុច៖
១៖ យើងសូមស្វាគមន៍ ចំពោះសេចក្តីសម្រេចនៃតុលាការអាមេរិក ដែលរារាំងមិនឲ្យបណ្តេញប្រជាជនកម្ពុជាទាំង ៩២នាក់ ភ្លាមៗចេញពីអាមេរិក ដោយមិនបានអនុញ្ញាតជាមុន ឲ្យពួកគេមានឱកាសតស៊ូក្តីនៅក្នុងតុលាការនោះ។
២៖ សេចក្តីសម្រេចរបស់ចៅក្រមអាមេរិក បានផ្តល់ឲ្យជនរួមជាតិកម្ពុជារបស់យើងនូវ ភាពត្រឹមត្រូវ និងយុត្តិធម៌ ននៅលើមូលដ្ឋានច្បាប់របស់សហរដ្ឋអាមេរិក និងគោលការណ៍ជាសកលស្តីពីសិទ្ធិនុស្ស ក៏ដូចជាតម្លៃនៃមនុស្សធម៌ផងដែរ។
៣៖ សេចក្តីសម្រេចនៃចៅក្រមសហរដ្ឋអាមេរិក ពិតជាបង្ហាញយ៉ាងច្បាស់ថា «ការដាក់កំហិតលើទិដ្ឋាការ» ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយសហរដ្ឋអាមេរិក ទៅលើមន្ត្រីជាន់ខ្ពស់ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា ក្រោមមូលហេតុ «ការពន្យាពេល នៃដំណើរការទទួលយក» ខាងលើនេះគឺជាការសំរេចដែលគ្មានហេតុផល ត្រឹមត្រូវ អយុត្តិធម៌ ហើយផ្ទុយទៅនឹងច្បាប់របស់អាមេរិកខ្លួនឯង។
៤៖ យើងសូមឆ្លៀតឱកាសដ៏វិសេសវិសាលនេះ ដើម្បីសម្តែងការអំពាវនាវរបស់យើងសាជាថ្មី ទៅកាន់សហរដ្ឋអាមេរិក ឲ្យដកចេញនូវការរឹតបន្តឹងទីដ្ឋាការរបស់ខ្លួន ដើម្បីជាការត្រួសត្រាយផ្លូវ សម្រាប់ដំណើរការឡើងវិញនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អប្រសើលើ MIA (ការស្វែងរកអដ្ឋិធាតុ ទាហានអាមេរិក)។
សូមជំរាបថា យោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០១៨នេះបានឲ្យដឹងថា ចៅក្រមសហព័ន្ធអាមេរិកបានប្រកាសថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនអាចបណ្តេញជនជាតិខ្មែរចំនួន៩២នាក់ ភ្លាមៗចេញពីសហរដ្ឋអាមេរិក ដោយពុំផ្តល់ឱកាសដល់ពួកគេជាមុន ដើម្បីការតវ៉ាប្រឆាំងនឹងទង្វើនេះនៅក្នុងតុលាការសិនឡើយ។
កាលពីខែតុលា ឆ្នាំ២០១៧ អាជ្ញាធរទទួលបន្ទុកបញ្ហាអន្តោប្រវេសន៍នៅអាមេរិក បានបើកប្រតិបត្តិការចុះឆែកឆេរជាបន្តបន្ទាប់ ហើយក៏បានធ្វើការឃាត់ខ្លួនជនជាតិខ្មែរបានប្រមាណ១០០នាក់ ដោយភាគច្រើនក្នុងចំណោមនោះ គឺជាអ្នកដែលបានរត់ភៀសខ្លួន ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កាលពីអំឡុងទសវត្សរ៍៧០។
គួរជម្រាបថា ក្រៅពីនេះចៅក្រមអាមេរិកបីរូបផ្សេងទៀត ក៏បានចេញសាលក្រមស្រដៀងគ្នាផងដែរ ដោយរារាំងរដ្ឋាភិបាលឲ្យធ្វើការបណ្តេញជនអន្តោប្រវេសន៍ ដែលបានរស់អស់រយៈពេលជាយូរនៅក្នុងប្រទេសដែលគេស្គាល់ថា ជា «ដែនដីនៃសេរីភាព» នេះផងដែរ ដោយជនអន្តោប្រវេសន៍ទាំងនោះរួមមានជនជាតិ អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី និងសូម៉ាលី៕