(បាត់ដំបង)៖ ប្រជាពលរដ្ឋឃុំភ្នំសំពៅ ស្រុកបាណន់ សប្បាយចិត្តបន្ទាប់ពីបានទទួលសមិទ្ធិផលថ្មីៗ បន្ថែមទៀត ពីក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅ បានប្រគល់ផ្លូវគ្រួសធម្មជាតិ១ខ្សែ ជូនប្រជាពលរដ្ឋ និងជួយដោះស្រាយ ជីវភាពក្មេងកំព្រា២នាក់ ជូនសង្កសី៣០សន្លឹក ប្រក់ផ្ទះ១ខ្នង ដល់ជនក្រីក្រក្នុងភូមិ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះ នៅភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់។
សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារ CPP ចុះជួយឃុំភ្នំសំពៅ លោក ហែម ថេង បានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹង ការខ្វះខាត និងសំណូមពរ របស់ប្រជាពលរដ្ឋ ក្រុមការងារនិងសហការីតែងតែនាំគ្នា ចុះមកសួរសុខទុក្ខ ក្តាប់ពីសភាពការណ៍ជីវភាពរស់នៅ និងជួយដោះស្រាយកង្វល់របស់ពួកគាត់ ជាប្រចាំកន្លងមក។
លោកប្រធានក្រុមការងារ បានបញ្ជាក់ថា ជាក់ស្តែងនាព្រឹកនេះ ក្រុមការងារបានចុះប្រគល់ផ្លូវថ្មីក្រាលគ្រួសធម្មជាតិ ជូនប្រជាពលរដ្ឋចំនួន១ខ្សែ មានប្រវែង៣,៥០០ម៉ែត្រ នៅភូមិចែងក្តារ និងជួយជីកប្រឡាយថ្មី មានប្រវែង២,២០០ម៉ែត្រ ដោយមានផ្លូវថ្នល់អមសងខាងផង សម្រាប់ទុកជូនប្រជាពលរដ្ឋប្រើប្រាស់ ជាប្រយោជន៍សាធារណៈក្នុងភូមិ និងបានដោះស្រាយស្បៀង កុមារកំព្រាក្រីក្រ ដែលមានការខ្វះខាតចំនួន២នាក់ និងទិញសង្កសី ប្រវែង៣ម៉ែត្រចំនួន៣០ស្លឹក ដើម្បីប្រក់ផ្ទះជនក្រីក្រក្នុងភូមិ។
លោកបានបន្តថា សមិទ្ធិផលសន្ធឹកសន្ធាប់ ដែលក្រុមការងារ បានកសាងជូនប្រជាពលរដ្ឋក្នុងឃុំកន្លងមក គឺមានផ្លូវ៣ប្រភេទគឺ ប្រភេទទី១៖ ផ្លូវក្រាលគ្រួសធម្មជាតិ សម្រាប់ប្រើប្រាស់ ក្នុងភូមិទាំង១០ មានចំនួន២៨ខ្សែ មានប្រវែង ២២,១២៥ម៉ែត្រ, ប្រភេទទី២៖ ផ្លូវក្រាលគ្រួសធម្មជាតិ នៅក្រៅភូមិទាំង១០ មានចំនួន១៣ខ្សែ មានប្រវែង ៣២,៩៩៨ម៉ែត្រ, ប្រភេទទី៣៖ ផ្លូវមានអមប្រឡាយទឹក មានចំនួន៦ខ្សែ មានប្រវែង ៧,៩៧៩ម៉ែត្រ សរុបផ្លូវទាំងប្រភេទនេះ មានប្រវែង ៦៣,១០២ម៉ែត្រ។
លោកបានបញ្ជាក់ថា ក្រុមការងារនៅតែបន្ត ជួយរហូតរាល់គ្រប់បញ្ហា ដែលប្រជាពលរដ្ឋត្រូវការ និងជួយតាមសំណូមពររបស់ពួកគាត់។
បន្ទាប់ពីប្រជាពលរដ្ឋ បានទទួលសមិទ្ធិផលថ្មីនាថ្ងៃនេះ ពួកគាត់បានថ្លែងអំណរគុណ និងដឹងគុណក្រុមការងារបក្ស CPP ចុះជួយឃុំភ្នំសំពៅ តែងតែបានជួយដោះស្រាយទុក្ខលំបាក គ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលាមិនដែលអាក់ខានម្តងឡើយ។
ដើម្បីឆ្លើយតបទៅនឹងទង្វើល្អ របស់ក្រុមការងារ ពួកគាត់បានប្តេជ្ញាបន្តគាំទ្រគណបបក្ស CPP តាមរយៈការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ ឲ្យនៅដឹកនាំប្រទេសជាតិ កាន់តែមានការ រីកចម្រើនបន្ថែមទៀត នៅអាណត្តិបន្តបន្ទាប់ទៀត៕