(សៀមរាប)៖ តំណាងសមាគមមគ្គុទេសភាសាចិន-កម្ពុជា លោក ធាម ធឿន ដែលមានទីលំនៅរស់នៅភូមិវាល ឃុំគោកចក នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ បានយកកុលាលភាជន៍ មានដូចជា ថូ និងបំណែកក្រឡមួយចំនួន យកមកប្រគល់ជូនអាជ្ញាធរជាតិអប្សរា។ តាមការលើកឡើងរបស់លោក ធាម ធឿន កុលាលភាជន៍នេះ ត្រូវបានអ្នកជិតខាងរបស់លោក រើសបានដោយចៃដន្យនៅពេលគាត់ជីកដីគាស់ ដើមចេកលើដីរបស់ខ្លួន អំឡុងខែកក្កដា ឆ្នាំ២០១៧។
ពិធីប្រគល់កុលាលភាជន៍នេះ ត្រូវបានធ្វើឡើងនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្រោមវត្តមានលោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។
លោក ធៀម ធឿន បានឱ្យដឹងថា កុលាលភាជន៍ដែលយកមកប្រគល់នៅពេលនេះ គឺជារបស់អ្នកជិតលោក ដែលបានជីកដីឃើញកាលពីកន្លងមក។ លោកបន្ថែមថា ក្រោយរក្សាទុកជាច្រើនមក អ្នកភូមិម្នាក់នោះបានប្រគល់ឱ្យលោកអំឡុងសប្តាហ៍មុនដើម្បីរក្សាទុក តែចុងក្រោយលោកសម្រេចប្រគល់វត្ថុបុរាណទាំងនេះដល់អាជ្ញាធរជាតិអប្សរា ដែលមានសមត្ថកិច្ចថែរក្សាវត្ថុទាំងនេះ។
លោកបញ្ជាក់ទៀតថា លោកស្រឡាញ់វប្បធម៌ដូនតា និងចង់ថែរក្សាឱ្យនៅគង់វង់ និងបានសម្រេចចិត្តយកមកប្រគល់ជូនដល់សារមន្ទីរសីហនុ-អង្គរ ដើម្បីជួសជុល និងថែរក្សា។
លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍នៃមជ្ឈមណ្ឌលអន្តរជាតិ ស្រាវជ្រាវ និងតម្តល់ឯកសារអង្គរ បានបង្ហាញថា បំណែកកុលាលភាជន៍ទាំងនេះស្ថិតក្នុងពីរសម័យកាលផ្សេងគ្នា គឺសម័យអង្គរ និងក្រោយអង្គរ។ ចំណែកកុលាលភាជន៍ដែលទទួលបាននេះ គឺកុលាលភាជន៍ខ្មែរ និងមួយចំណែកជាកុលាលភាជន៍ចិន។ លោកបានបញ្ជាក់ថា នេះជាភស្តុតាងមួយបង្ហាញថាខ្មែរសម័យបុរាណក្រៅពីផលិតកុលាលភាជន៍សម្រាប់ប្រើប្រាស់ក្នុងស្រុក ថែមទាំងបាននាំចូលពីចិនទៀតផងតាមរយៈឈ្មួញចិន។ លោកបន្ថែមថាតួនាទីសំខាន់នៃកុលាលភាជន៍គឺប្រើប្រាស់សម្រាប់សាសនា និងសម្រាប់ជីវភាពប្រចាំថ្ងៃ។
លោក សុខ សង្វារ បានថ្លែងអំណរគុណ និងកោតសរសើដល់លោក ធៀម ធឿន ដែលមានចិត្តចង់ថែរក្សាទុកកេរមរតកវប្បធម៌ខ្មែរ តាមរយៈការប្រគល់ជូន កុលាលភាជន៍ដល់អាជ្ញាធរជាតិអប្សរា។ លោកបញ្ជាក់ថា ដើម្បីដឹងឱ្យកាន់តែច្បាស់លាស់ ក្រុមអ្នកជំនាញបុរាណវិទ្យានឹងសិក្សាបន្ថែមអំពីសម័យកាល និងតួនាទី របស់កុលាលភាជន៍ទាំងនេះ។
លោកក៏បានសំណូមពរដល់ប្រជាជនទាំងអស់ សូមចូលរួមក្នុងរណីរកឃើញវត្ថុបុរាណនានា ត្រូវផ្តល់ព័ត៌មានដល់អាជ្ញារធរមូលដ្ឋាន ឬតាមរយៈអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យអ្នកជំនាញសិក្សាស្រាវជ្រាវ និងយកមករក្សាទុកនៅសារមន្ទីរ ដើម្បីទុកជាសម្បត្តិវប្បធម៌ឱ្យកូនចៅបានដឹង ក៏ដូចជាបង្ហាញដល់អន្តរជាតិបានដឹងឮផង៕