(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់មិត្តអ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនទូទៅផងនោះ សៀវភៅ «តើត្រូវសរសេរព័ត៌មានក្ដៅរបៀបណា?» ដែលជាស្នាដៃដ៏ពិសិដ្ឋពោរពេញដោយបទពិសោធន៍ខ្ពស់របស់អុ្នកកាសែតចាស់វស្សា គឺលោក ម៉ារ យ៉ារិទ្ធិ ត្រូវបានធ្វើបច្ចុប្បន្នភាពជាមួយការបន្ថែមគន្លឹះថ្មីៗមួយចំនួន សម្រាប់ការសរសេរព័ត៌មានគ្រប់ទម្រង់ និងបានចេញលក់ផ្លូវការជាលើកទី២ហើយ ចាប់ពីថ្ងៃនេះតទៅ ដោយផ្លាស់ប្ដូរចំណងជើងថ្មីថា «តើត្រូវសរសេរព័ត៌មានដោយរបៀបណា?»

ជាមួយការរចនាលម្អក្របថ្មីលើសៀវភៅកម្រាស់ជាង៨០ទំព័រនេះ លោក ម៉ារ យ៉ារិទ្ធិ អ្នកសារព័ត៌មានជើងចាស់ ដែលធ្លាប់ទទួលបានរហ័សនាមថា «អាត់ជួង» បានបង្ហាញមិត្តអ្នកអានពីគន្លឹះសរសេរព័ត៌មានបឋម ព័ត៌មានក្ដៅគ្រប់ទម្រង់ ងាយស្រួលក្នុងការអាន ងាយយល់ និងអាចអនុវត្តន៍ការសរសេរព័ត៌មានដោយខ្លួនឯងបាន ជាមួយឧទាហរណ៍អត្ថបទព័ត៌មានពិសេសៗ អមដោយរូបភាពនៃសកម្មភាព និងព្រឹត្តិការណ៍មួយចំនួនផងដែរ។

លោក​ សោម សត្តនា ហៅ ម៉ារ យ៉ារិទ្ធិ អតីតបុគ្គលិកជាន់ខ្ពស់វិទ្យុអាស៊ីសេរី ដែលបច្ចុប្បន្នជាប្រធានកម្មវិធីទូរទស្សន៍អប្សរាណិត បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការបោះពុម្ភលើកទី២នេះ មានបញ្ចូលខ្លឹមសារ និងតាកតិចសរសេរព័ត៌មានច្រើនជាងការបោះពុម្ភលើកដំបូង។ ស្នាដៃទាំងអស់នេះ គឺផ្លែចេញពីបទពិសោធន៍ជោគជ័យជាអ្នកព័ត៌មាន តាំងពីឆ្នាំ១៩៨៤ មកម្ល៉េះ ដោយលោកបានឆ្លងកាត់ការងារជាអ្នកព័ត៌មានដ៏ប៉ិនប្រសព្វម្នាក់ ក្នុងអង្គភាពព័ត៌មានជាតិ និងអន្តរជាតិមិនតិចឡើយ។

ជាការអំពាវនាវ ទោះជាអ្នកមិនទាន់មានជំនាញសរសេរព័ត៌មានបានល្អ ឬកំពុងបម្រើការងារជាអ្នកព័ត៌មានក៏ដោយ ក៏គួរតែកុំរំលងការអានសៀវភៅនេះឲ្យសោះ ពីព្រោះសៀវភៅ «តើត្រូវសរសេរព័ត៌មានដោយរបៀបណា?» នឹងផ្ដល់ចំណេះដឹង និងគន្លឹះថ្មីដ៏ច្រើនបន្ថែមទៀត។ ជាមួយគ្នានេះ អ្នកសរសេរព័ត៌មានប្រាកដជាចង់ឲ្យអ្នកអាន អ្នកស្ដាប់ អ្នកមើលចាប់អារម្មណ៍ជាមួយព័ត៌មានដែលខ្លួនសរសេរ ប៉ុន្តែចំណុចខ្លះអ្នកព័ត៌មានក៏មិនទាន់ច្បាស់ថា ត្រូវសរសេរយ៉ាងណានោះទេ ពិសេសគឺការចាប់មុំព័ត៌មាន និងការរំលេចចំណងជើងខ្លីខ្លឹម។

ដើម្បីផ្លាស់ប្ដូរសមត្ថភាពលើវិស័យព័ត៌មានរបស់អ្នកឲ្យកាន់តែមានវឌ្ឍនភាពខ្លាំងឡើង សូមចូលរួមអានសៀវភៅ «តើត្រូវសរសេរព័ត៌មានដោយរបៀបណា» ទាំងអស់គ្នា និងទំនាក់ទំនងរកទិញសៀវភៅឥឡូវនេះ តាមរយៈលេខទូរស័ព្ទ៖ ០៧៧ ៧៨ ៧១ ៧៣ និង ០៦៩ ៥០០ ៣៦៦៕