(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ «ជាពិសេសនោះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជារបស់យើងបានទប់ស្កាត់ទាន់ពេលវេលានូវបដិវត្តន៍ពណ៌ របស់អតីតបក្សប្រឆាំងដែលជ្រោមជ្រែង ដោយមជ្ឈដ្ឋានអគតិពីខាងក្រៅប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយការពារបានយ៉ាងរឹងមាំ នូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ ធានាបាននូវការអភិវឌ្ឍប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ»។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ ខណៈអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយស្មារតី នៃមហាសន្និបាតវិសមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីសមាជិក សមាជិកា ចំនួន១០១៥នាក់ នៅទីស្នាក់ការគណបក្សខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា គណបក្សប្រជាជន បន្តដំណើរលើមាគ៌ាជ័យជំនះ និងឆ្ពោះទៅមុខ ដោយចងចាំចារិកទុក ជារៀងរហូតនូវពលិកម្ម ស្មារតីលះបង់ និងការចូលរួមយ៉ាងធំធេងរបស់សមាជិក សមាជិកា យុទ្ធជន យុទ្ធនារីស្នេហាជាតិ ប្រជាពលរដ្ឋ និងជនរួមជាតិគ្រប់ទិសទីក្នុងបុព្វហេតុដ៏ឧដ្តុងឧត្តមរបស់ជាតិ និងគាំទ្រជាឯកច្ឆន្ធ័ចំពោះបេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា និងនីតិកាលបន្តបន្ទាប់ទៀត។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណដល់មន្រ្តីបក្សគ្រប់ផ្នែក និងសមាជិកគ្រប់រូប ដែលបានខិតខំគាំទ្រ បម្រើ ប្រតិបត្តិតាមគោលនយោបាយរបស់គណបក្សកន្លងមក និងសូមអំពាវនាវឲ្យគ្រប់ផ្នែកទាំងអស់ សូមបន្តស្មារតីថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង រួមគ្នាពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ ឲ្យកាន់តែរឹងមាំ ហើយបន្តខិតខំអនុវត្តន៍ ឲ្យបានសម្រេចរាល់ទិសដៅ ភារកិច្ចដែលបក្សបានដាក់ចុះ ដែលឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋយើង។
ជាទ្រនាប់ដៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានឧបត្ថម្ភដល់ ទី១៖ ប្រធានក្រុមប្រឹក្សាឃុំ -សង្កាត់ ចំនួនសរុប៦៥ ក្នុង១ឃុំឬ១សង្កាត់ ទទួលបានថវិកា១លានរៀល(សរុបរួម៦៥លានរៀល)និងទី២៖
២:សមាជិក សមាជិកា ចូលរួមជាង១០១៥នាក់ក្នុងម្នាក់ៗទទួលបានសារ៉ុង១និងថវិកា២ម៉ឺនរៀល៕