(តាកែវ)៖ ស្រ្តីស្រស់សោភាវ័យ៣៦ឆ្នាំមួយរូប បានសម្រេចចិត្តចងកបញ្ចប់ជីវិតនៅក្នុងផ្ទះជួលធ្វើអាជីវកម្មរបស់ខ្លួនក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ មូលហេតុដែលនាំឲ្យស្រ្តីរូបនេះចងកសម្លាប់ខ្លួនបន្សល់ទុកឲ្យកូនៗ៣នាក់ឲ្យនៅកំព្រាមិនទាន់មានការអះអាងឲ្យច្បាស់លាស់នោះទេ តែសមត្ថកិច្ចសង្ស័យមានវិបត្តិស្នេហា។
សពអ្នកស្រី ចេវ សុវឌ្ឍនា ត្រូវបានអ្នកបម្រើក្នុងផ្ទះប្រទះឃើញចងកងក្នុងបន្ទប់ដេកនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ។ អ្នកស្រី ចេវ សុវឌ្ឍនា ជាមន្ត្រីបម្រើការនៅរដ្ឋសភា ហើយក៏ជាសមាជិកមួយរូបនៅក្នុងក្រុមយុវជនគណបក្សប្រជាជនកម្ពុជាលើការងារពង្រីកចលនាយុវជននៅក្រៅប្រទេសផងដែរ។
លោក ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨នេះថា អ្នកស្រី ចេវ សុវឌ្ឍនា ពិតជាបានចងកធ្វើអត្តឃាតមិនមែនជាករណីអ្វីផ្សេងនោះឡើយ។ លោកអធិការក៏មិនបានដឹងពីមូលហេតុនៃការធ្វើអត្តឃាតនេះដែរ ប៉ុន្តែក្នុងបន្ទប់ធ្វើអត្តឃាតសមត្ថកិច្ចបានរកឃើញសំបុត្រមួយច្បាប់រៀបរាប់ពីវិបត្តិស្នេហ៍ ដែលនាំឲ្យសមត្ថកិច្ចសន្និដ្ឋានថា ការធ្វើអត្តឃាតនេះបណ្តាលមកពីវិបត្តិស្នេហា ឬ ស្នេហាត្រីកោណជាដើម។
ដោយឡែក លោក ខៀវ សាមុត អធិការរងនគរបាលទទួលផែនព្រហ្មទណ្ឌ ក្រុងដូនកែវ បានអះអាងថា អ្នកស្រី ចេវ សុវឌ្ឍនា មានកូន៣នាក់បច្ចុប្បន្នកំពុងស្នាក់នៅជាមួយជីដូនក្នុង រាជធានីភ្នំពេញ។ បច្ចុប្បន្នគេក៏មិនដែលឃើញអ្នកស្រីទៅណាមកណាជាមួយស្វាមីនោះដែរ ជាហេតុនាំឲ្យមានការសន្និដ្ឋានថា អ្នកស្រី សុវឌ្ឍនា ជាស្រ្តីមេម៉ាយ។
លោក ខៀវ សាមុត បានបន្តថា អ្នកស្រី ចេវ សុវឌ្ឍនា បានទៅជួលផ្ទះកន្លែងកើតហេតុនៅក្រុងដូនកែវ ដើម្បីធ្វើអាជីវកម្មអស់ជាច្រើនឆ្នាំមកហើយ។
មិត្តភក្តិស្និទ្ធស្នាលរបស់អ្នកស្រី ចេវ សុវឌ្ឍនា នៅតាមបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការសោកស្តាយ និងអាណិតអាសូរជាខ្លាំង ព្រោះអ្នកស្រីជាមនុស្សមានទឹកចិត្តល្អ និងតែងជួយរាល់ទុក្ខធុរៈមនុស្សជុំវិញខ្លួន ហើយពួកគេក៏មិននឹកស្មានថាអ្នកស្រីគិតខ្លីធ្វើអត្តឃាតបែបនេះផងដែរ។
បន្ទាប់ពីសមត្ថកិច្ចបានពិនិត្យសពរួចរាល់ហើយ សពអ្នក សុវឌ្ឍនា ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្នុងរាជធានីភ្នំពេញ៕