(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយកអន្តោប្រវេសន៍ និងលោកវេជ្ជបណ្ឌិត លូល​ មេកូណិន (Dr. Leul MEKONEN) ប្រធាន​​បេសកកម្ម នៃអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM បានអញ្ជើញជាអធិបតីក្នុង

ពិធី និងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យប័ណ្ណព្រំដែន (MIDAS)ជាជំនួយ​​​របស់រដ្ឋាភិបាលកាណាដា និងអនុវត្តគំរោងដោយអង្គការ IOM នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង។

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យប័ណ្ណព្រំដែនថ្មីនេះ រៀបចំឡើងនៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។​

ប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យប័ណ្ណព្រំដែនថ្មី ​ឈ្មោះថា Migration Information Data Analysis System ហៅកាត់ MIDAS ដែលនឹងជួយសម្រួលដល់ការងារគ្រប់គ្រង និងការត្រួតពិនិត្យដំណើរចេញ-ចូល​ប្រទេស​របស់ពលរដ្ឋកម្ពុជា ជាអ្នកប្រើប្រាស់ប័ណ្ណព្រំដែន សំរាប់ការចេញ-ចូល បំពេញការងារ ​និង​ប្រកបរបរទទួលទានផ្សេងៗតាមតំបន់ព្រំដែនក្នុងទឹកដី​ថៃ។

ដោយឡែក នៅរសៀលថ្ងៃដដែលនេះ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ អគារស្នាក់នៅ និងអគាររដ្ឋបាល របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល បានក្រើនរំលឹកដល់មន្ត្រីនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ច ត្រូវរួមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ពិសេសសមត្ថកិច្ចនៃប្រទេសថៃបង្ការ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទអោយសំរេចបានជោគជ័យ៕