(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងធម្មការ និងសាសនា ក្រោមការជួយឧបត្ថម្ភពីអង្គការ UNICEF បានប្រារព្ធទិវាសកម្មភាពសាសនា ដើម្បីកុមារកម្ពុជា ក្រោមប្រធានបទ «ដឹកនាំសាសនា ដើរតួនាទីជាគម្រូអហិង្សាធម៌» នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី, សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត និងលោក នរ: រតនវឌ្ឍនោ រដ្ឋលេខាធិការតំណាងលោកទេសរដ្ឋមន្រ្តី ហ៊ឹម​​ ឆែ, មេដឹកនាំសាសនាឥស្លាម ទាំងពីរគណៈ មេដឹកនាំសាសនាគ្រឹស្តទាំងពីរ គណៈរួមទាំងបរិស័ទគ្រប់សាសនា ដែលមានវត្តមាននៅកម្ពុជា សរុបប្រមាណជិត១.០០០អង្គ/នាក់ផងដែរ។

សកម្មភាពនេះ ក៏មានការប្តេជ្ញាចិត្តពីមេដឹកនាំសាសនាទាំងអស់នៅកម្ពុជា ក្នុងការបញ្ឈប់អំពើហិង្សាលើកុមារ រាល់គ្រប់រូបភាព និងបានផ្សជ្វផ្សាយ មេត្តាធម៌របស់សាសនានីមួយៗ ដើម្បីរួមចំណែកអភិវឌ្ឍជាតិជាមួយ រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

បន្ទាប់ពីការប្តេជ្ញារបស់មេដឹកនាំសាសនារួចមក ក៏មានថ្វាយ និងជូនវត្ថុអនុស្សាវរីយ៍គ្នាទៅវិញទៅមកផងដែរ៕