(ប៉ៃលិន)៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឲ្យប្រតិភូនៃប្រទេសថៃ ដែលដឹកនាំដោយលោកឧត្តមនាវីត្រី ណុប ផាដុនប៉ាន់យ៉ាឈូម មេបញ្ជាការរងការពារព្រំដែន ខេត្តច័ន្ទបូរី-ត្រាត នៃប្រទេសថៃ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ដើម្បីពង្រឹកចំណងមិត្តភាពរវាងខេត្ត នៅជាប់ព្រំដែននៃប្រទេសទាំង២ ឲ្យកាន់តែ ជិតស្និទ្ធថែមទៀត។
ក្នុងជំនួបពិភាក្សានេះដែរ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកមេបញ្ជាការ-មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធ ទាំងបីប្រភេទ និងជំនាញពាក់ព័ន្ធផងដែរ ដែលរៀបចំធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តប៉ៃលិន នាល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។
លោក កើត សុធា បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះលោកឧត្តមនាវីត្រី មេបញ្ជាការរងការពារព្រំដែនខេត្តច័ន្ទបូរី-ត្រាត នៃប្រទេសថៃ និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកជួបសម្តែងការគួរសម និងពិភាក្សាការងារទំនាក់ទំនងការងារសន្តិសុខ នៅតាមព្រំដែនរវាងប្រទេសទាំង២។
អភិបាលខេត្តប៉ៃលិន បានបន្ដថា ជំនួបពិភាក្សានេះ បង្ហាញឲ្យឃើញពីចំណងសាមគ្គីភាព មិត្តភាពដ៏ល្អជាមួយគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ជាពិសេសវិស័យ ការពារជាតិ នៅតាមបណ្តោយព្រំដែនរវាងកម្ពុជា-ថៃ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
នៅក្នុងឱកាសនោះផងដែរ លោក កើត សុធា ក៏បានសំណូមពរ ដល់ភាគីថៃ បន្តសហប្រតិបត្តិការនូវបញ្ហាមួយចំនួនដូចជា៖ ការប្រើប្រាស់ប័ណ្ណឆ្លងព្រំដែនថ្មី, ពលករខ្មែរឆ្លងដែន ខុសច្បាប់, បទល្មើសឆ្លងដែននានា និងការដឹកកសិកផល ឆ្លងដែនរវាងខេត្តទាំង២ ចាន់បុរី និងប៉ៃលិន។
ជាការឆ្លើយតប លោកឧត្តមនាវីត្រី ណុប ផាដុនប៉ាន់យ៉ាឈូម មេបញ្ជាការរង ការពារព្រំដែនខេត្តច័ន្ទបូរី-ត្រាតនៃប្រទេសថៃ បានសន្យានាំយកនូវរាល់សំណូមពរ របស់រដ្ឋបាល ខេត្តប៉ៃលិន ទៅពិភាក្សាជាមួយអភិបាលខេត្តចាន់បុរី និងជំនាញពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងខេត្តទាំង២ ឲ្យបានកាន់តែល្អប្រសើរឡើង។
លោកបានបន្តថា នៅពេលខាងមុខ លោកចង់ឲ្យរដ្ឋបាលខេត្តចាន់បុរី និងខេត្តប៉ៃលិន ជួបប្រជុំគ្នាឲ្យបានញឹកញ៉ាប់ ដើម្បីរក្សានូវសន្តិសុខតាមបណ្តោយព្រំដែន និងផលប្រយោជន៍នៃប្រជាជនប្រទេសខេត្តទាំង២៕