(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ បានជម្រុញដល់មន្ត្រីអប់រំសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ត្រូវអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ ឱ្យបានកាន់តែល្អ និងមានគុណភាព សម្រាប់បណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការស្រោចទឹក ដាក់ជីដើម្បីឱ្យកុមារក្លាយ ជាអ្នកបន្តវេណ អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
អភិបាលខេត្ត បានថ្លែងនៅបណ្ណាល័យសាមគ្គី វិទ្យាល័យពោធិ៍សាត់ ក្នុងឱកាសបិទសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ ឆ្នាំសិក្សា២០១៦-២០១៧ និងលើកទិសដៅឆ្នាំសិក្សា២០១៧-២០១៨។
បន្ទាប់ពីលោក លី សុគន្ធី ប្រធានប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍ ពីលទ្ធផលសម្រេចបាននាឆ្នាំសិក្សាកន្លងទៅរួចមកលោក ម៉ៅ ធនិន បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាខ្ពស់ ទៅលើវិស័យអប់រំ ដែលជាវិស័យអាទិភាពមួយដ៏សំខាន់ ដោយហេតុថាវិស័យនេះ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងវិស័យផ្សេងៗទៀត។
លោកបានកោតសរសើរមន្ត្រីអប់រំគ្រប់គ្រឹះស្ថានសិក្សានៅក្នុងខេត្ត ដែលបានខិតខំស្វិតស្វាញ ដើម្បីរួមចំណែកបំពេញការងារជូនសង្គមជាតិ លើកកម្ពស់ការអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យឆ្លើយតបទៅនឹងទីផ្សារការងារ។ លោកក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងមន្ត្រីអប់រំគ្រប់ផ្នែក គ្រប់ថ្នាក់ ដោយផ្តោតការយកចិត្តទុកដាក់ បន្តការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅវិស័យអប់រំ ឱ្យកាន់តែមានចំណេះដឹង បំណិន និងសីលធម៌ខ្ពស់ ស្របតាមចតុស្តម្ភទាំង៤នៃការអប់រំ គឺរៀនដើម្បីមានចំណេះដឹង រៀនដើម្បីមានចំណេះធ្វើ រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនដើម្បីចេះរស់នៅជាមួយគ្នា។
ជាការពិតណាស់ថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជាពិសេសសាលារៀន ដែលជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស និងជាយុទ្ធសាស្ត្រ នាំទៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះសូមលោកគ្រូ អ្នកគ្រូត្រូវចេះអប់រំណែនាំ និងធ្វើគម្រូល្អដល់ក្មេងៗជំនាន់ក្រោយចូលរួមគោរពច្បាប់ចរាចរណ៍ នៅឱ្យឆ្ងាយពីគ្រឿងញៀន ដើម្បីការពារនូវអាយុជីវិតយើងទាំងអស់គ្នា។
នៅក្នុងខណៈនោះលោកក៏បានចែកជូនវត្ថុកំដរដៃ ក្នុងម្នាក់ៗសារុង១ ត្រីខ១កំប៉ុង និងអង្ករ១០គីឡូក្រាម ដល់អ្នកចូលរួមចំនួន៤៥០នាក់ ដែលជាអំណោយផ្ទាល់របស់លោក និងលោកស្រី ហ៊ុន ចាន់ធីផងដែរ និងបានទទួលលិខិតថ្លែងអំណរគុណ របស់ក្រសួងអប់រំយុវជន និងកីឡា ក្នុងឱកាសដែលលោកបានផ្តល់វិភាគទានជាថវិកា សម្ភារ និងស្មារតី ដល់សហគមន៍អ្នកគណិតវិទ្យា សាខាខេត្តពោធិ៍សាត់ សម្រាប់គាំទ្រសកម្មភាព បំប៉ន សិស្សថ្នាក់ទី១២ផងដែរ៕