(ព្រះវិហារ)៖ បុរសម្នាក់ត្រូវបានកម្លាំងសន្តិសុខ អភិរក្សប្រាសាទព្រះវិហារ សហការជាមួយកម្លាំងបរិស្ថានខេត្តព្រះវិហារឃាត់ខ្លួន ខណៈបុរសរូបនេះកំពុងលួចធ្វើសកម្មភាពចូលលួចទៅអារ និងកាត់ឈើប្រភេទឈើ ធ្នុងនៅចំណុចក្រោមខាងជើងជាប់ជណ្តើរបុរាណ ក្នុងតំបន់អភិរក្សប្រាសាទព្រះវិហា។
លោកវរសេនីយ៍ទោ ស៊ឹម សុផាត មន្រ្តីអភិរក្សសន្តិសុខប្រាសាទព្រះវិហារ បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័ ធ្វើឡើងកាលពីវេលាម៉ោង២៖១០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
លោកបានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យដែលកម្លាំងរបស់លោកឃាត់ខ្លួនមាន ឈ្មោះ ធី សុធា អាយុ២៦ឆ្នាំ មុខរបកសិករ មានទីលំនៅភូមិចៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូង ឃ្មុំខេត្តត្បូងឃ្មុំបច្ចុប្បន្នស្នាក់នៅជើងប្រាសាទ។
ជនសង្ស័យបានសារភាពថា ខ្លួនមករស់នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រយៈពេល១ខែហើយៗមកតាមរយៈមេខ្យល់។
ដោយឡែក ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ករណីខាងលើ បើខ្មោចស្រុកមិនបើកដៃ ខ្មោចព្រៃក៏មិនហ៊ានចូលដែរ ឬក៏ម៉្យាងទៀត ក្តាមកាត់ស្រែណា នៅស្រែហ្នឹងហើយ ដែលករណីនេះ តែធ្វើការស្រាវជ្រាវឲ្យបានច្បាស់ ចៀសវាងមាន់ពងលើស្រូវលួចស៊ីស្រូវនោះ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចសន្តិសុខប្រាសាទព្រះវិហារ កំពុងធ្វើការសួរនាំដើម្បីចងក្រងឯកសារ ដើម្បីចាត់ការបន្តទៅតាមនិតិវិធីច្បាប់៕