(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាំព្រៃលិចទឹកចំនួន៥០០ហិចតា នៅបឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ ដើម្បីរក្សាជាបឹងបៃតង និងកាត់បន្ថយជាតិពុលនៅក្នុងបឹង ហើយគម្រោងនេះជាជំហានដំបូង យើងដាំត្រឹមតែ១០០ហិកតាសិន ហើយគម្រោងនេះនឹងចាប់ផ្តើមនារដូវប្រាំងនេះហើយដើមឈើ ដែលគ្រោងនឹងយកមកដាំក្នុងទឹកនេះមានដូចជា៖ ដើមឬស្សី ដើមប្រស់ ដើមរាំងទឹក ដើមថ្កូវ ដើមសណ្តាន់ជាដើម។
លោក ឃួង ស្រេង បានលើកឡើងបែបនេះ ក្នុងឱកាសបើកកិច្ចប្រជុំស្តីពីការរៀបចំ Master Plan ដាំដើមឈើក្នុងរាជធានីភ្នំពេញ ដើម្បីលើកម្ពស់សោភ័ណភាពទីក្រុង រួមចំណែកកាត់បន្ថយការបំពុលបរិស្ថានដែលកើតចេញពីយានជំនិះប្រចាំថ្ងៃផង ដូច្នេះទាំងការងារបច្ចេកទេស និងការដាំដើមឈើ ត្រូវដាំនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធពិសេសខាង BAU (ការិយាល័យរៀបចំក្រុង) មន្ទីរកសិកម្មរាជធានី សិក្សាឲ្យបានច្បាស់លាស់ ចៀសវាងការយកដើមឈើ មកដាំក្នុងទឹកនេះមិនទទួលបានផលដោយហេតុថាទឹកដែលយើងត្រូវយកដើម ឈើលិចទឹកមកដាំនេះ វាជាទឹកមានជាតិប្រៃ និងស្អុយវាខុសពីទឹកធម្មជាតិ។
គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី២៩ធ្នូ ឆ្នាំ២០១៧កន្លងទៅ លោក ឃួង ស្រេង បានឯកភាពឲ្យមានការដាំ ដើមឈើឲ្យក្លាយជាទីក្រុងមាន ពណ៌បៃតងពិសេសការដាំដើមឈើជាច្រើនប្រភេទនៅតាមបណ្តោយផ្លូវ R1 (ផ្លូវក្នុងតំបន់អភិវឌ្ឍបឹងកក់ ចាប់ពីផ្លូវសហព័ន្ធរុស្សី ដល់ផ្លូវ៧០ ទំនប់ទួលគោក) ហើយការងារនេះ បានជំរុញឲ្យក្រុមហ៊ុន ស៊ូកាគូអ៊ីន ដាំដើមឈើឲ្យបានរួចរាល់នៅក្នុងរដូវប្រាំងនេះ៕