(ត្បូងឃ្មុំ)៖ មេចោរប្លន់ម្នាក់ ដែលធ្លាប់បានធ្វើសកម្មភាពជាច្រើនដង នៅលើទឹកដីខេត្តកំពង់ចាម និងចុងក្រោយនៅលើទឹកដីខេត្តត្បូងឃ្មុំ ហើយដែលស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ប្រកាសផ្តល់ប្រាក់រង្វាន់ ដល់អ្នករាយការណ៍ពីកន្លែងលាក់ខ្លួនជនសង្ស័យនោះ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ត្រូវបានចាប់ខ្លួនហើយនៅខេត្តមណ្ឌលគិរី។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ជនសង្ស័យមិនអាចហក់រួច ពីសំណាញ់ប៉ូលិសឡើយ ជនសង្ស័យ ហ៊ន់ បូរ៉ា ហៅ ប៉ែល បន្ទាប់ពីធ្វើសកម្មភាពម្តងហើយ ម្តងទៀត នៅខេត្តកំពង់ចាមតាំងពីឆ្នាំ២០១១, ២០១៣, ២០១៤ និង២០១៥ ហើយភាពព្រហើនរបស់គេបានជំរុញ គេមកធ្វើសកម្មភាពលើកចុងក្រោយ ដោយប្លន់ម៉ូតូកាលពីថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១៧ នៅឃុំប្រធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាពេលថ្មីៗនេះ នៅថ្ងៃនេះយើងតាមចាប់បានហើយ»

លោកស្នងការបានបន្តថា ក្រោយធ្វើសកម្មភាពនៅស្រុកអូររាំងឪ ជនសង្ស័យរូបនេះ បានគេចខ្លួនមិនដឹងទៅទីណា....នគរបាលជំនាញព្រហ្មទណ្ឌស្រុក ខេត្តត្បូងឃ្មុំ តាមវិធានសម្ងាត់ផង ចំហរផង និងមានការដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរងទទូលផែនព្រហ្មទណ្ឌ លោកវរសេនីយ៍ ចក់ សុខកៅ នាយការិយាព្រហ្មទណ្ឌកម្រិតធ្ងន់ និងសហការីជំនាញៗ របស់គាត់ បានតាមប្រមាញ់ និងចាប់បានជននេះនារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ខណៈគេកំពុងសំងំគេចខ្លួននៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជាមួយភាពជោគជ័យ នៃការចាប់ខ្លួនជនសង្ស័យរូបនេះ ស្នងការននគរបាលខេត្តត្បូងឃ្មុំ សូមគោរពថ្លែងអំណរគុណចំពោះពលរដ្ឋល្អ ដែលបានរាយការពីគោលដៅលាក់ខ្លួនរបស់ជននេះ និង ជូនរង្វាន់ដូចអ្វីដែលលោកបានសន្យាគ្រាមុន។ ពិសេសលោកស្នងការ ក៏សូមថ្លែងអំណរគុណ លោកស្នងការនគរបាលខេត្តមណ្ឌលគិរី លោកអធិការស្រុកកែវសីមារ និងសហការីដ៏សកម្មរបស់គាត់ ដែលបានជួយសហការចាប់ជននេះ ដូចលទ្ធផលដែលធ្វើបាននៅថ្ងៃនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រកាសឲ្យសាធារណជន និងប្រជាពលរដ្ឋទូទាំងខេត្ត សហការផ្ដល់ព័ត៌មាន អំពីមេចោរប្លន់ម្នាក់ ដែលត្រូវបានតុលាការចេញដីកាតាមចាប់ខ្លួនរហូតដល់ទៅ៣ដីកា ហើយបើសិនជាចាប់ឃាត់ខ្លួនមេចោររូបនោះបាន លោកនឹងផ្ដល់ជូននូវរង្វាន់ចំនួន២លានរៀលផងដែរ។

មេចោរប្លន់ដែលត្រូវបានតុលាការចេញដីកាចាប់ខ្លួននេះ មានឈ្មោះ ហ៊ន់ បូរ៉ា ហៅ ប៉ែល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន នៅភូមិផ្លូង III ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕