(រតនគិរី)៖ រថយន្តយីឌុបដឹកដំឡូងមីបង្កប់ឈើមួយគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថខេត្តរតនគិរី ស្ទាក់ចាប់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ខណៈធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ដែលដឹកនាំបញ្ជាបង្ក្រាបបទល្មើសមួយនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃដដែលនេះថា បន្ទាប់ពីទទួលព័ត៌មានពីកម្លាំងសំងាត់រួចមក លោកដាក់កម្លាំងចាំស្ទាក់ចាប់តែម្តង ហើយបានធ្វើការឆែកឆេរឃើញមានឈើមុខកាត់ធំៗប្រភេទសុក្រំ, ឈ្លីកលាយចម្រុះគ្នា ជាច្រើនដុំ ប៉ុន្តែភ្លាមៗនោះអ្នកបើករថយន្តដឹកបទល្មើសនោះ រត់គេចខ្លួនបាត់អស់។

លោកឧត្តមសេនីយ៍ត្រី គឹម រស្មី បន្តថា រថយន្តយីឌុបនេះក្បាល ពណ៌ស្លាទុំ និងតួពណ៌ខៀវ ពាក់ស្លាកលេខ ក-ច 3A-3141 មានទិសដៅពីលិចទៅកើតពោល គឺបម្រុងឆ្ពោះទៅវៀតណាម។

បន្ទាប់មកកម្លាំងបានយករថយន្តយីឌុបដឹកដំឡូងបង្កប់ឈើនោះ មកទីបញ្ជាការ អ-ហ ខេត្ត លុះរសៀលថ្ងៃដដែល បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ​ ដោយមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ៕