(ភ្នំពេញ)៖ គណៈកម្មការចរចាអនុសញ្ញារួម-CBA ទ្វេរភាគីថ្នាក់វិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង បានចាប់ផ្តើមជួបពិភាក្សាទ្វេរភាគី ជាលើកដំបូងរវាងតំណាងសហព័ន្ធសហជីព និង តំណាងរោងចក្រកាត់ដេរ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សាទៅលើសិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមា ទើបតែត្រូវបានតម្លើង១៧០ដុល្លារសម្រាប់២០១៨។ នេះបើតាមលោក សោម អូន ប្រធានសហភាពសម្ព័ន្ធសហជីពជាតិកម្ពុជា បានថ្លែងឲ្យដឹងយ៉ាងដូច្នេះ។
បើតាមលោក សោម អូន សិទ្ធិ និងអត្ថប្រយោជន៍ដែលត្រូវបានលើកយកមកពិភាក្សា និងស្នើសុំតម្លើងបន្ថែមមានដូចជា៖ ប្រាក់រង្វាន់ទៀងទាត់ ប្រាក់ថ្លៃស្នាក់នៅ មធ្យោបាយធ្វើដំណើរ ប្រាក់អតីតភាពការងារ ប្រាក់អាហារថ្ងៃត្រង់ និងសិទ្ធិសេរីភាពសហជីពជាដើម។ ការចរចាទាមទារផលប្រយោជន៍បន្ថែមទៀត សម្រាប់កម្មករនិយោជិតខាងលើនេះ នៅមិនទាន់ទទួលបានលទ្ធផលនៅឡើយ ហើយលទ្ធផលរំពឹងទុកនឹងអាចបញ្ចប់នៅអំឡុងខែមេសា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា ប្រាក់ខែអប្បបរមារបស់កម្មករ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៨នេះ ត្រូវបានតម្លើងដល់១៧០ដុល្លារ ខណៈប្រាក់ខែកម្មករ ឆ្នាំ២០១៧ចំនួន១៥៣ដុល្លារ។ ការតម្លើងប្រាក់ខែកម្មករនៅឆ្នាំ២០១៨នេះ បានទទួលការសាទរជាខ្លាំងពីក្រុមសហជីព និងជាពិសេសនោះគឺក្រុមកម្មករនៅទូទាំងប្រទេស៕