(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានចុះត្រួតពិនិត្យគោលដៅនានា ដោយឃាត់ខ្លួនជនបរទេសចំនួន៣៦នាក់ ដែលពាក់ព័ន្ធបញ្ហាគ្រឿងញៀន និងស្នាក់នៅខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា «នៅថ្ងៃនេះ អគ្គនាយដ្ឋានអន្តោប្រវេសន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ មាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបានខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនបរទេសបានចំនួន៣៦នាក់ ស្រី១៧នាក់ មាន០៤សញ្ជាតិ៖ វៀតណាម ចិន កូរ៉េ និងអ៊ីតាលី ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅគ្មានលិខិតឆ្លងដែន លួចស្នាក់នៅហួសទិដ្ឋាការ ករណីគ្រឿងញៀន និងបទឧក្រិដ្ឋឆ្លងដែន»។
ប្រធាននាយកដ្ឋានរូបនេះ បញ្ជាក់ថា ក្រោយឃាត់ខ្លួនជនបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធីច្បាប់បន្ត ដោយត្រៀមបណ្តេញចេញ៕