(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ក្លិបអ្នកកាសែតកម្ពុជា (កអក) បានបោះជំហានចូល ទៅក្នុងសហគមន៍សារព័ត៌មានដ៏ធំមួយនៅក្នុងតំបន់ ដើម្បីរួមគ្នាពង្រឹងវិជ្ជាជីវៈ សារព័ត៌មាន នៅក្នុងតំបន់និយាយជារួម និងនៅក្នុងប្រទេសកម្ពុជា និយាយដោយឡែក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្លិបអ្នកកាសែតកម្ពុជា។
គណៈកម្មការនាយកនៃសហព័ន្ធអ្នកកាសែតអាស៊ាន (Confederation of Asean Journalists) ហៅកាត់ថា CAJ ដែលតំណាងសារព័ត៌មានមក ពីប្រទេសសមាជិកអាស៊ានចំនួន៧ បានសម្រេចជាឯកច្ឆ័ន្ទឲ្យ "កអក" ចូលជាសមាជិកទី៨ របស់អង្គការតំបន់ដ៏ធំនេះ ដែលមានសមាជិកសរុបជាង ៥៤,០០០ នាក់។
ពិធីបញ្ចូលសមាជិកភាព របស់ក្លិបអ្នកកាសែតកម្ពុជា ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាតលើកទី១៩ នៃសហព័ន្ធអ្នកកាសែតអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។
លោក ពុយ គា អគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា (កអក) រួមជាមួយសហការីមួយចំនួនទៀតរួមមាន៖ លោក លាង ដឺលុច, លោក នៅ សុភ័ស្ស និងលោក ខៀវ កូឡា ដែលជា សមាជិក គណៈនាយករបស់ «កអក» បានចូលរួមទទួលការប្រកាស ជាផ្លូវការនៃការបញ្ចូល «កអក» ទៅក្នុងសហព័ន្ធអ្នកកាសែតអាស៊ាន និងបានចែករម្លែកព័ត៌មានស្តីពី ស្ថានភាព
សារព័ត៌មាននៅកម្ពុជា និងតួនាទីរបស់ «កអក» រួមទាំងភាពប្រឈមរបស់អ្នកសារព័ត៌មាននៅក្នុងតំបន់ផងដែរ។
លោក Thepchai Yong ប្រធានសហព័ន្ធអ្នកកាសែតអាស៊ាន (CAJ) បានកត់សម្គាល់ពីតួនាទីដ៏សំខាន់របស់ក្លិបអ្នកកាសែតកម្ពុជា ក្នុងការចូលរួមជំរុញវិស័យសារព័ត៌មាន ក្នុងតំបន់ជាពិសេសក្នុងក្របខ័ណ្ឌ CAJ ឲ្យកាន់តែមានភាពរឹងមាំ ដើម្បីជាប្រយោជន៍ដល់សហគមន៍អាស៊ានទាំងមូល។
លោក ពុយ គា បានថ្លែងនៅក្នុងមហាសន្និបាតយ៉ាងដូច្នេះថា «ជាកិត្តិយសរបស់កម្ពុជាដែលវិស័យព័ត៌មានរបស់យើង បានចាប់ផ្តើមដើរលើមហាវិថីមួយ របស់តំបន់ហើយខ្ញុំសង្ឃឹមថា តាមរយៈសហព័ន្ធអ្នកកាសែតអាស៊ាន តួនាទីរបស់អ្នកសារព័ត៌មានកម្ពុជា និងកាន់តែរីកធំជាងមុន ពោលគឺព័ត៌មានស្តីពី កម្ពុជានឹងជ្រៀតចូលទៅក្នុងតំបន់និងពិភពលោកកាន់តែ ទូលំទូលាយ ជាពិសេសព័ត៌មានផ្នែកវប្បធម៌ សិល្បៈ និងទេសចរណ៍»។
លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក៏បានចាត់ទុកព្រឹត្តិការណ៍នេះថា ជាជំហានដ៏សំខាន់ក្នុងការធ្វើសមាហរណកម្មអ្នកសារព័ត៌មានកម្ពុជាទៅក្នុងតំបន់ និងក្នុងពិភពលោក ដែលនេះ ជាគោលបំណងរបស់ក្លិបអ្នកកាសែតកម្ពុជាជាយូរមកហើយ។
ក្លិបអ្នកកាសែតកម្ពុជា ជាស្ថាប័នឯករាជ្យ និងវិជ្ជាជីវៈ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០០ និងមានសមាជិកជាង ៣០០នាក់។ ចំណែក CAJ ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៧៥ ដោយសមាគមអ្នកកាសែតមកពី៥ប្រទេសគឺ ថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី និងសិង្ហបុរី ក្រោយមក វៀតណាម និងឡាវ ក៏បានចូលជាសមាជិក។
ក្នុងការចេញដំណើរឆ្នាំថ្មី ជាមួយសមាជិកថ្មីមកពីកម្ពុជា CAJ នឹងរៀបចំវេទិការធំៗ ដើម្បីពិភាក្សាអំពីភាពប្រឈមមួយចំនួន នៅក្នុងតំបន់និងពិភពលោក ដូចជា បញ្ហាព័ត៌មានមិនពិត (Fake News) ការការពារអ្នកកាសែតពីការគម្រាមគំហែងនានា, ការបង្កើនសមត្ថភាពអ្នកកាសែត ឲ្យយល់ដឹងកាន់តែខ្លាំង និងការផ្តល់ព័ត៌មាន ដែលមានប្រយោជន៍ដល់សង្គម តំបន់ និងពិភពលោក។
ក្រៅពីសមាជិករបស់ CAJ នៅក្នុងតំបន់អាស៊ាន ក៏មានអ្នកសែតចិនចំនួនជាង២៥ម៉ឺននាក់ តំណាងដោយសមាគមអ្នកកាសែតចិន ក៏បានចូលជាដៃគូរ ដ៏សំខាន់របស់ CAJ ដែរ។ ទន្ទឹមនឹងនេះ CAJ ក៏នឹងបន្តពង្រីកដៃគូរសំខាន់ៗដទៃទៀត មកពីអាស៊ីប៉ាស៊ីហ្វិក ជារួមមានជប៉ុន កូរ៉េខាងត្បូង, អាមេរិក, រុស្សី និងអូស្រ្តាលី ជាដើម៕