(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ នៅសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានធ្វើសន្និសីទកាសែត បង្ហាញមុខជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ដាក់ថ្នាំសណ្តំលួចរថយន្តរបស់ប្រជាពលរដ្ឋ ជាច្រើនករណី។
លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ កង សាខន អគ្គស្នងការរងនគរបាលជាតិ ទទួលផែននគរបាលកណ្តាលយុត្តិធម៌, ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌
និងមានការចង្អុលបង្ហាញដោយផ្ទាល់របស់ឧត្តមសេនីយ៍ឯក សុខ ខេមរិន្ទ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងដោយមានការដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ទោ ង៉េង ជួ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលស្នងការរាជធានីភ្នំពេញ និងនគរបាលស្នងការខេត្តកណ្តាល បានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សេង វិសិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ ពាក់ព័ន្ធករណីដាក់ថ្នាំសណ្តំយករថយន្ត របស់ប្រជាពលរដ្ឋជាច្រើនលើក។
លោកវរសេនីយ៍ឯក ជាវ វិបុល បន្ថែមថា ការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងក្រោយពីសមត្ថកិច្ចលោក ទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំនួន២នាក់ ដែលជាម្ចាស់រថយន្ត ម៉ាក សាំងយ៉ុង មួយគ្រឿង និងម៉ាក ហាយឡេនឌឺ មួយគ្រឿង នៅថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
លោកបន្ដថា សមត្ថកិច្ចរបស់លោក បានឃាត់ខ្លួនជនសង្ស័យបាន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ខណៈរូបគេកំពុងតែរៀបចំដាក់ថ្នាំ ជនរងគ្រោះជាម្នាស់រថយន្ត ម៉ាក សាំងយ៉ុង។
នៅក្នុងសន្និសីតកាសែតនេះ ជនសង្ស័យឈ្មោះ សេង វិសិទ្ធ បានសារភាពថា រូបគេ មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត និងមានបក្ខពួកម្នាក់ទៀត (កំពុងរត់គេចខ្លួន និងទើបចេញពីគុក) ធ្លាប់បានធ្វើសកម្មភាព ដាក់ថ្នាំសណ្តំយករថយន្ត ពីជនរងគ្រោះ ចំនួន៥លើករួចមកហើយ ធ្វើសកម្មភាពនៅខេត្តសៀមរាប ចំនួន២លើក នៅភ្នំពេញ ចំនួន២លើក និងខេត្តកណ្តាល ចំនួន១លើក ដោយមានរថយន្ត ម៉ាក កូរ៉ូឡា ហាយួឡេនឌឺ និង Lexus330 នៅពេលធ្វើកម្មភាពចុងក្រោយក៏ត្រូវបែកការ សមត្ថកិច្ចចាប់បានតែម្តង។
ជនសង្ស័យអះអាងថា ខ្លួនបានធ្វើសកម្មភាពបែបនេះ ជាច្រើនខែមកហើយ តាំពអពីខ្លួនបានស្គាល់បក្ខពួកម្នាក់ទៀតទើបចេញពីគុក (កំពុងរត់គេចខ្លួ) ដោយធ្វើសកម្មភាពម្តងៗ មានគ្នា២នាក់ និងជួនកាលធ្វើម្នាក់ឯង។ ជនសង្ស័យថា នៅពេលលួចបាន ពួកគេយករថយន្តទៅលក់នៅកាស៊ីណូ ឈ្មោះ ឃីងស្ទ័រ នៅខេត្តត្បូងឃ្មុំ ពេលចាញ់អស់បានដើរលួចទៀត។
ជនរងគ្រោះឈ្មោះ ផន សុផល និងឈ្មោះ រ៉ន ភា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ស្រដៀងៗគ្នាថា នៅថ្ងៃកើតហេតុ ដោយពួកគាត់ជាអ្នករត់រថយន្តឈ្នួល គឺជនសង្ស័យឈ្មោះ សេង វិសិទ្ធ បានហៅទូរស័ព្ទទៅពួកគាត់ ដើម្បីជួលរថយន្តជិះ ដោយឱ្យតម្លៃខ្ពស់។ នៅពេលជួបគ្នា តថ្លៃជួលរថយន្ត ជនសង្ស័យបានហៅទៅផឹកស៊ី ច្រៀងខារ៉ាអូខេ រួចដាក់ថ្នាំសណ្តំយករថយន្ត គេចខ្លួនបាត់ស្រោមតែម្តង។ ពួកគាត់បានថ្លែងអំណរគុណចំពោះសមត្ថកិច្ចណាស់ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ តាមចាប់ខ្លួនជនសង្ស័យ និងរករថយន្តពួកគាត់ឃើញ និងប្រគល់ជូនពួកគាត់វិញ។
ពាក់ព័ន្ធនឹងករណីនេះ លោកវរសេនីយ៍ឯក ជាវ វិបុល បានអំពាវនាវ ដល់បងប្អូនដែលបានបាត់រថយន្ត សូមមកដាក់ពាក្យបណ្តឹងនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ដើម្បីឱ្យសតម្ថិកិច្ចជួយស្រាវជ្រាវរករថយន្តនោះមកវិញ។
លោកក៏បានអំពាវនាវឱ្យបងប្អូនដែលជាម្ចាស់រថយន្ត ទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ កំទុកចិត្តគេពេកព្រោះអាចនឹងរងគ្រោះ ត្រូវគេដាក់ថ្នាំយករថយន្តដូចជនរងគ្រោះខាងលើនេះដែរ៕