(កូរ៉េខាងត្បូង)៖ ស្រ្តីជាពលករខ្មែរចំនួន៣នាក់ ដែលកំពុងបម្រើការងារផ្នែកកសិកម្មនៅតំបន់មីលយ៉ាង ប្រទេសកូរ៉េខាងត្បូង បានរងនូវការធ្វើបាបយ៉ាងខ្លាំង ដោយរំលោភបំពានរាងកាយធ្ងន់ធ្ងរ ប៉ុន្តែនៅពេលនេះ ត្រូវបានក្រុមការងាររបស់ស្ថានទូតខ្មែរ ប្រចាំកូរ៉េខាងត្បូង ជួយអន្តរាគមន៍បានហើយ និងកំពុងជួយរកកន្លែងធ្វើការថ្មី។
លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរ នៅកូរ៉េខាងត្បូង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះថា បន្ទាប់ពីទទួលបានព័ត៌មានតាមការចែកចាយបន្ដគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីម្សិលមិញនោះ នៅព្រឹកថ្ងៃនេះ ក្រុមការងារស្ថានទូតរបស់យើង បានចុះសាកសួរព័ត៌មាន និងសុខទុក្ខប្អូនពលការិនីទាំងនេះ ដែលមានឈ្មោះ ថៃ សម្ជស្ស, ងួន សារ៉ាត និង ឡេត សុខឡា ខណៈមានបញ្ហាការងារធ្ងន់ធ្ងរជាមួយថៅកែ។
លោក ឌីម៉ង់ បានបញ្ជាក់ថា «បច្ចុប្បន្ននេះ ប្អូនស្រីទាំង៣នាក់ បានមកដល់ទីក្រុងស៊ូវ៉ុន ដោយសុវត្ថិភាពហើយ។ ទន្ទឹមនេះក្រុមការងារស្ថានទូត បានសហការជាមួយក្រុមអ្នកច្បាប់កូរ៉េ បានទាមទារឲ្យថៅកែស៊ីញ៉េ អនុញ្ញាតចេញដើម្បីប្ដូរកន្លែងការងារ ហើយពិនិត្យលទ្ធភាពផ្លូវច្បាប់ ដើម្បីរៀបចំដោះស្រាយតាមនីតិវិធីច្បាប់។ ប្អូនពលការិនីទាំង៣នាក់ ក្រុមការងារបានណែនាំផ្ទះស្នាក់នៅ បណ្ដោះអាសន្នរបស់ក្រសួងការងារ និងស្ថានទូតដើម្បីស្នាក់នៅ ក្នុងអំឡុងពេលប្ដូរការងារ ហើយថ្ងៃអាទិត្យ ឬថ្ងៃច័ន្ទសប្ដាហ៍នេះ ប្អូនស្រីទាំង៣នាក់ នឹងទៅដាក់ពាក្យរកការងារថ្មី នៅតាមមជ្ឈមណ្ឌលគាំពារពលករបរទេស»។
យោងតាមខ្លឹមសារលើហ្វេសប៊ុករបស់ខ្លួន ពលករខ្មែរម្នាក់រៀបរាប់ពីភាពវេទនាណាស់ សម្រាប់រស់នៅជាមួយថៅកែជនជាតិកូរ៉េរូបនេះ ដោយកេងប្រវ័ញ្ចកម្លាំងពលកម្មការងារ ថែមទាំងហៅថៅកែរូបនេះថា ជាជនតិរិច្ឆានទៀតផង៕