(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ រយៈពេល២ថ្ងៃជាប់គ្នានេះ បានបន្តដឹកនាំកម្លាំងអាវុធហត្ថខណ្ឌ ប្រជាការពារខណ្ឌ-ចៅសង្កាត់-មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដើម្បីបន្តប្រតិបត្តិការដ៏ក្ដៅគគុក ក្នុងការស្រាវជ្រាវ រហូតឈានដល់ការលបឆ្មក់បង្ក្រាបបាន នូវទីតាំងបនល្បែងដល់ទៅ១០កន្លែងផ្ទួនៗគ្នា និងដកហូតបានទូហ្គេម បាញ់ត្រីធំៗ ចំនួន២១គ្រឿងធំៗ ក្នុងនោះមានហ្គេមពង់បៀ ចំនួន៧គ្រឿងផងដែរ។
ប្រតិបត្តិការដ៏ក្ដៅ ក្នុងការបង្ក្រាបបទល្មើសបើកបនលេងល្បែងដល់ទៅ១០ទីតាំង និងដកហូតទូហ្គេមបាញ់ត្រីចំនួន២១គ្រឿងធំៗ និងទូហ្គេមបៀរ៧គ្រឿង របស់អាជ្ញាធរខណ្ឌឫស្សីកែវ ខាងលើនេះ បានធ្វើឡើងតាំងពីថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០១៨ «ពោលគឺ២ថ្ងៃជាប់គ្នា» ស្ថិតតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី២ និងនៅប្រឡាយភ្លោះ ក្នុងភូមិឡកំបោរ និងនៅក្បែរផ្សារតាប៊ុន ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសេចក្ដីរាយការណ៍ពីអាជ្ញាធរថ្នាក់មូលដ្ឋាន សង្កាត់-ភូមិ ទើបឈានដល់ការ បន្តស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ដោយធ្វើការកំណត់បាននូវទីតាំង និងពេលវេលា នៃការប្រប្រត្តបទល្មើស ជាមុនសិន ដើម្បីរកឱកាស ក្នុងការប្រើវិធានការឈានដល់បើកប្រត្តបត្តិការបង្ក្រាបតែម្ដង ដោយក្នុងរយៈពេល២ថ្ងៃជាប់គ្នានេះ បង្ក្រាបដកហូតបានទូហ្គេមបាញ់ត្រីធំៗ ចំនួន២១គ្រឿង ក្នុងនោះ មានទូហ្គេមពង់បៀ ចំនួន៧គ្រឿង យកមករក្សាទុកនៅរដ្ឋបាលខណ្ឌ ដើម្បីរងចាំវាយដុតកម្ទេចចោល នៅពេលក្រោយ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កន្លងមកថ្មីៗនេះ រដ្ឋបាលខណ្ឌឫស្សីកែវ ក្រោមការដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ បានរៀបចំពិធីវាយកម្ទេចដុតទូហ្គេម ចំនួន២១គ្រឿង នៅត្រង់ចំណុចដីឡូត៍ទំនេរមួយកន្លែង ខាងលិចវិទ្យាល័យ ជា ស៊ីមចំរើនរដ្ឋ ក្នុងក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ក្នុងពិធីវាយដុតកម្ទេចចោលទូហ្គេមបាញ់ត្រី ចំនួន២១គ្រឿងនេះដែរ លោក ជា ពិសី បានប្ដេជ្ញាចិត្តបង្ក្រាបឲ្យអស់នូវទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមានក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ជាពិសេសសូមឲ្យអាជ្ញាធរសង្កាត់-ភូមិ និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការ និងមានវិធានការបន្តតាមដាន ខ្លាំមើលតទៅទៀត បើក្នុងករណីឃើញមានទីតាំងកំពុង ប្រព្រឹត្តអំពីល្បែងស៊ីសង ដែលល្មើសច្បាប់ សូមរាយការណ៍ជាបន្ទាន់មកកាន់រដ្ឋបាល ខណ្ឌឫស្សីកែវ ដើម្បីបង្ក្រាបទាន់ពេលវេលា ស្របតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថភាពថ្មី ទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីមូលដ្ឋានទទួលបានការអភិវឌ្ឍន៍ និងកាត់បន្ថយអំពើរ ចោរលួច ឆក់ ប្លន់ ដែលកើតចេញពីទីតាំងល្បែងស៊ីសងទាំងនោះ៕