(ភ្នំពេញ)៖ ក្រសួងចំនួន១០ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដែលហៅកាត់ថា FMIS។ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ FMIS នេះ នឹងជួយឲ្យការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមក្រសួងទាំង១០នេះ មានភាពច្បាស់លាស់ ហើយចូលរួមចំណែកលុបបំបាត់អំពើពុករលួយផងដែរ។
ពិធីនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និងមានការចូលរួមពីលោក Geoge Edgar ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប និងជាតំណាងរបស់ដៃគូ អភិវឌ្ឍន៍ព្រមទាំងមន្ត្រីមកពីក្រសួង-ស្ថាប័ន ជាង ៤០០នាក់។
ក្រសួងដែលបានប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ FMIS នេះរួមមាន៖ ១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ២. ក្រសួងអប់រំ យុវជន និងកីឡា, ៣. ក្រសួងសុខាភិបាល, ៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ៥. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ៦. ក្រសួងបរិស្ថាន, ៧. ក្រសួងមុខងារសាធារណៈ, ៨.ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ៩. ក្រសួងឧស្សាហកម្ម និង សិប្បកម្ម និង ១០. ក្រសួងកិច្ចការនារី។
ជាកិច្ចចាប់ផ្តើមលោកឯកអគ្គរដ្ឋទូត Geoge Edgar បានចូលរួមអបអរសាទរចំពោះការដាក់ដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ FMIS ជាផ្លូវការនៅក្រសួងចំនួន ១០ ដោយបានរំលេចអំពីសារៈសំខាន់ នៃការអនុវត្តគម្រោង FMIS ព្រមទាំងជំរុញឲ្យបន្តអនុវត្តគម្រោងនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។
លោក ហ៊ាន សាហ៊ីប បានពន្យល់ថា ប្រព័ន្ធ FMIS ជាប្រព័ន្ធទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្ដល់សិទ្ធិក្នុងការអនុវត្តប្រតិបត្តិការ ហិរញ្ញវត្ថុតាមបែបវិមជ្ឈការដល់ក្រសួង-ស្ថាប័ន និង អង្គភាព ថវិកានានា ពោលគឺការកត់ត្រា គ្រប់គ្រង បែងចែក អនុវត្តថវិកា និងកៀរគរប្រមូលចំណូល គឺនឹងត្រូវធ្វើឡើងក្នុងប្រព័ន្ធសមាហរណកម្មតែមួយគត់ដោយក្រសួង-ស្ថាប័នទាំងអស់នៃរាជរដ្ឋាភិបាលកម្ពុជា ។
លោករដ្ឋលេខាធិការបន្តថា ភាពជោគជ័យក្នុងការដាក់ប្រព័ន្ធ FMIS ឲ្យអនុវត្តន៍ជំហានទី១ នៅក្នុងអគ្គនាយកដ្ឋានគន្លឹះនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រតនាគាររាជធានី-ខេត្តទាំងអស់ នៅទូទាំងប្រទេសកម្ពុជា គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធ FMIS បានដើរតួនាទីជាកាតាលីករ សកម្មក្នុងការនាំយកមកនូវប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។
«ការអនុវត្តគម្រោង FMIS នឹងដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងអំពីលទ្ធភាព និង តម្រូវការជាក់ស្ដែងក្នុងការកែលម្អជាជំហានៗនូវនីតិវិធីអនុវត្តការងារហិរញ្ញវត្ថុ ដែលមានភាពស្មុគស្មាញ និង មិនផ្ដល់តម្លៃបន្ថែម ក្នុងគោលដៅពង្រឹងវិន័យថវិកា កាត់បន្ថយពេលវេលា និង ធនធានមិនចាំបាច់ និងជួយសម្រាលបន្ទុកការងាររបស់មន្ត្រីអនុវត្តថវិកា និងកិច្ចការហិរញ្ញវត្ថុ»។ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់បន្ថែម។
បើតាមលោក ហ៊ាន សាហ៊ីប ប្រព័ន្ធ FMIS ក៏ជាឧបករណ៍មួយយ៉ាងសំខាន់ក្នុងការគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលត្រូវបានវាយតម្លៃខ្ពស់ដោយថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងដៃគូអភិវឌ្ឍនានាដូចជា សហភាពអឺរ៉ុប ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិជាដើមថាជា ឆ្អឹងខ្នងមិនអាចខ្វះបាន ក្នុងការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងបរិការណ៍សេដ្ឋកិច្ចឆ្ពោះទៅមុខ ឥតឈប់ឈររបស់ប្រទេសកម្ពុជា។
ក្រៅពីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការលើក្រសួងចំនួន១០ហើយនោះ លោកបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានប្រកាសពីការបន្តពង្រីកការប្រើប្រាស់ប្រព័ន្ធ FMIS ទៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រប់រាជធានី-ខេត្តទូទាំងប្រទេស និងសមាសភាពក្រសួង-ស្ថាប័នចំនួន ១០ផ្សេងទៀត ដែលនឹងចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធ FMIS សាកល្បងក្នុងឆ្នាំ២០១៨។ ក្រសួងទាំងនោះរួមមាន៖ ១. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ២. ក្រសួងសាធារណការ និងដឹកជញ្ជូន, ៣. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ៤.ក្រសួងពាណិជ្ជកម្ម, ៤. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ៦. ក្រសួងធនធានទឹក និងឧតុនិយម, ៧. ក្រសួងអភិវឌ្ឍន៍ជនបទ, ៨. ក្រសួងព័ត៌មាន, ៩. ក្រសួងទេសចរណ៍ និង១០. រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
លោករដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសដែលមានប្រព័ន្ធ FMIS ប្រើប្រាស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឈានមុខគេ ក្នុងចំណោមបណ្ដាប្រទេសនៅក្នុងតំបន់ដូចជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី។ ក្នុងន័យនេះ ប្រសិនបើការអនុវត្តគម្រោងប្រព័ន្ធ FMIS ធ្វើឡើងដោយជោគជ័យតាមការគ្រោងទុក ដោយការដាក់ពង្រីកដល់គ្រប់ក្រសួង-ស្ថាប័នទាំងអស់ នោះកម្ពុជានឹងទទួលបាននូវមុខមាត់ថ្មីលើឆាកអន្តរជាតិ ការទុកចិត្តពីប្រជាពលរដ្ឋ និងអត្ថប្រយោជន៍នៃភាពប្រកួតប្រជែងឈ្នះ ក្នុងការស្រូបទាញការវិនិយោគ និង លទ្ធភាពព្យាករកាន់តែប្រសើរជាងមុន នៃរបត់សេដ្ឋកិច្ចរបស់កម្ពុជា៕